រាជរដ្ឋាភិបាល ណែនាំឲ្យអាជ្ញាធរ​ថ្នាក់ក្រោមជាតិ ផ្តល់ការ​អន្តរាគមន៍​ជំរុញសកម្មភាពបង្កើតសមា​គមមនុស្សចា​​ស់បន្ថែមនៅតាម​សហគមន៍

  • ក្នុងសារាចរណែនាំស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវា​មនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត នៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងប្រទេស ស្របតាមផែនការដែលបានកំណត់ឈរ​លើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យយក​ចិត្តទុកដាក់ជួយ​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរ​ជាតិ សូមបន្តជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះ សំណេះ​សំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាម​មូលដ្ឋាន វត្តអារាម វិហារសាសនា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងជាដើម។

    គួរបញ្ជាក់ថា ក្នុងគោលបំណងយកចិត្តទុកដាក់ លើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង កម្ពុជាបានដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ប្រារព្ធទិវាមនុស្សចាស់កម្ពុជា រួមជាមួយ ទិវាមនុស្សចាស់អន្តរជាតិ។

    ទិវាមនុស្សចាស់កម្ពុជា និងទិវា​មនុស្សចាស់អន្តរជាតិ នៅឆ្នាំ២០២៣នេះ បានកំណត់ប្រធានបទ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។ ក្នុងរដ្ឋាភិបាលក៏ណែនាំ ឲ្យមានរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដើម្បីបង្កើនការយល់ដឹង ឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយជាតិ​ស្ដីពីមនុស្សវ័យ​ចាស់២០១៧-២០៣០ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង