បច្ចុប្បន្ន​កម្ពុជា​ មាន​សត្វ​ស្មោយ​ ចំនួន​៦០០០​ គូ​ កំពុង​បន្ត​ពូជ​ពង​កូន​ នៅ​តំបន់​រ៉ាម​សារ​ព្រែក​ទាល់​

  • បច្ចុប្បន្នកម្ពុជា មានស្មោយ ចំនួន ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។ ស្មោញ មានឈ្មោះភាសាអង់គ្លេស Oriental Darter និងមានឈ្មោះវិទ្យាសាស្ត្រ៖ Anhinga melanogaster។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខៗមករានេះ។

    សូមបញ្ជាក់ជូនថា កម្ពុជាបានបង្កើនការអភិរក្សសត្វស្មោយដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះនៅលើពិភពលោក ដែលក្រសួងបរិស្ថាន និងអង្គការដៃគូ បង្កើនការថែរក្សាអភិរក្សប្រភេទសត្វនេះ ឱ្យនៅគង់វង្ស។

    ស្មោយ គឺជាបក្សីមួយប្រភេទមានមាឌធំ រហូតដល់៨៥-៩៧សង់ទីម៉ែត្រ ជាបក្សីមួយប្រភេទ ដែលមានលក្ខណ:ពិសេស ដែលអាចហែល និងមុជទឹក មើល​ទៅដូចជាសត្វពស់ ។ បក្សីនេះមានកវែងដូចពស់ ចំពុះរបស់វាស្រួចដូចដាវ សម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង ។ វារស់ នៅតាមតំបន់ បឹងវាលភក់ និងទន្លេធំៗ ។

    ចំពោះជីវសាស្ត្ររស់នៅវិញ បក្សីនេះពូកែមុជទឹកចាប់ត្រីជាអាហារ ព្រមទាំងធ្វើការបន្តពូជចាប់ពីខែមិថុនា ដល់ខែមីនា និងមានពងចំនួនចន្លោះ​ពី៤ទៅ​៦ពង ក្នុងមួយរដូវបន្តពូជ ។ ក្នុងមួយរដូវ សត្វស្មោញពងបាន៤ទៅ៦ ស៊ុត និងញាស់ក្នុងរយៈពេល ២៥ទៅ៣០ថ្ងៃ ។ ពេលកើត មកភ្លាម កូនញាស់មានរោម សំឡីពណ៌ស ហើយប្ដូរពណ៌បន្តិចម្ដងៗទៅជាពណ៌ត្នោត ។ វាដុះរោមពេញខ្លួននៅអាយុ៧សប្ដាហ៍ពេលនោះទើបវាអាចហើរបាន ។

    សត្វនេះគេសង្កេតឃើញថា មានវត្ត មានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងតំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា ។ វារស់នៅជាហ្វូង ដែលអាចងាយស្រួលក្នុងការ ការពារ និងរាប់ចំនួនសំបុករបស់វា ។ វត្តមានរបស់វានៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូល និងជាតំបន់លិចទឹកនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ៕រូបថត៖ ក្រសួងបរិស្ថាន

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង