ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល៧ថ្ងៃបន្ថែមទៀត ដោយចាប់អនុវត្តន៍គិតចាប់ពីថ្ងៃទី១៥ ឧសភានេះ រហូតដល់ថ្ងៃទី២១ខែឧសភា ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្តីសម្រេចដែលចេញកាលពីថ្ងៃទី១៤ ខែឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់អោយ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងផ្សា ត្រូវទទួលបន្ទុកអនុវត្តវិធានការបន្តបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយនេះឱ្យមានប្រសិទ្ធភាព។
គួររម្លឹកថា ស្របពេលដែលផ្សាររដ្ឋ និងផ្សារមិនរៀបរយ ត្រូវផ្អាកជាបណ្តោះអាសន្ននេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យវិស័យឯកជន ប្រើរថយន្តដាក់ទំនិញ បន្លែត្រីសាច់ ដើម្បីបើកលក់ចល័ត នៅតាមផ្សារដែលបានបិទ ខណៈ នៅតំបន់លឿងមួយចំនួន អាជីវករបានប្រើប្រាស់ផ្លូវក្បែរផ្សារ ធ្វើកន្លែងលក់ដូរ ។ ដោយឡែក ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំស្តង់លក់ទំនិញ សម្រាប់លក់ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម និងបង្កើតផ្សារអនឡាញ ដើម្បីបញ្ជាទំនិញ រួមទាំងបញ្ជាទិញតាមលេខទូរស័ព្ទជាច្រើនខ្សែ។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផ្សារធំៗ និងផ្សារមិនរៀបរយ មួយចំនួននៅរាជធានីភ្នំពេញបានបិទផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រោយរកឃើញមានអាជីវករ សន្តិសុខ បុគ្គលិកផ្សារ មានវិជ្ជមានកូវីដ១៩។
ការសម្រេចបិទផ្អាកជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ បានធ្វើឡើង លើកទី១ នៅថ្ងៃទី២៣ ខែមេសា ដោយបិទផ្អាករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា លើកទី២ សម្រេចបន្តបិទផ្អាកបិទផ្អាករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា និងលើកទី៣នេះ សម្រេចបន្តបិទផ្អាកបិទផ្អាករយៈពេល៧ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ឧសភា។










