ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​ស្រុក​បរិ​បូរណ៍​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៦​នាក់​ទាំង​កូន​ក្នុង​ផ្ទៃ​

  • កំពង់ឆ្នាំង ៖ មនុស្សប្រុសស្រីមួយគ្រួសារមានគ្នា៦នាក់ ទាំងកូនក្នុងផ្ទៃ បានស្លាប់ក្នុងភ្លក់ភ្លើង នៃករណីអគ្គិភ័យមួយដែលបានឆាប ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំ៧គុណនឹង១២ម៉ែត្រ សង់ពីដែកប្រក់ស័ង្គសី ជាកម្មសិទ្ធិរបស់ឈ្មោះ នន់ សារ៉េត ។

    ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត បានរត់ចេញផុតពី អណ្តាតភ្លើង រីឯប្រពន្ធនិងកូនៗមិនអាចចេញមកបានដោយសារពួកគេដេកនៅជាន់ឡៅតឿ ។

    នៅក្នុងឧប្បត្តិហេតុនេះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៏ បានចេញរថយន្តពន្លត់អគ្គិភ័យ ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយបាញ់ពន្លត់ទឹកអស់៣រថយន្តទើបភ្លើងរលត់ទាំងស្រុង ។ ចំពោះមូលហេតុសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។ ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីរកមូលហេតុពិត នៃការបង្កឲ្យមានករណីអគ្គិភ័យនេះកើតឡើង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង