រាជ​ធានី​ភ្នំពេញ ខេត្ត​កែប និងខេត្តកណ្តាល ក្លាយជា​តំបន់​​លែង​​មាន​កា​រ​គំរាម​កំហែង​​ ​ដោយ​​សា​រគ្រាប់​មីន​​ប្រឆាំង​​មនុស្ស​​មុន​គេ​​នៅកម្ពុជា

  • រាជធានី ខេត្ត ចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តកណ្តាល បានក្លាយជា​តំបន់រង​លែង​​មា​នការ​​គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំង មនុស្ស​មុនគេនៅកម្ពុជា ក្រោយពីអង្គភាពសុម៉ាក់ បាន បញ្ចប់​កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹង និងមាន​កំណត់​ត្រាពហុកោណក្នុងទិន្នន័យ​ជាតិ។​

    បើតាមឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) បានអោយដឹងថា ប្រតិបតិ្តការ​រំដោះ​ផ្ទៃដី​​រងផលប៉ះពាល់ដោយ​គ្រាប់មីនប្រឆាំង​មនុស្សដែល​បានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យ​ជាតិ ក្នុងរាជធានី ខេត្ត ទាំង៣លើផ្ទៃដី​សរុប​ចំនួន​ ជាង​២៥០​ហិចតា​ ក្នុងនោះ ខេត្តកណ្តាល មានផ្ទៃដីចំនួន​ ៦៤ហិចតា​ ខេត្តកែប​ ៦៩,៨​ ហិចតា​ និង​រាជធានី​​ភ្នំពេញមាន ​១២៥,៧​ ហិចតា។ ដោយ​ឡែក ទិសដៅបន្តបន្ទាប់ គឺអង្គភាពស៊ីម៉ាក់​ចល័តកម្លាំង​ចូលទៅ​​ខេត្តព្រះសីហនុ​ ខេត្តកំពត​ ខេត្តកំពង់ចាម​ និងខេត្តតាកែវ​ ដែលជាគោលដៅ​បញ្ចប់​​បញ្ហាគ្រាប់​​មីន​ប្រឆាំង​​​មនុស្សក្នុងឆ្នាំ២០២២នេះ ។

    ឯកឧត្តម ហេង រតនា បានបញ្ជាក់ទៀតថា ​​ការប្រកាសថា​ខេត្តគ្មានតំបន់គំរាមកំហែង​ដោយសារ​គ្រាប់មីន​ប្រឆាំងមនុស្ស ​ឬ​ហៅ​ថា”ខេត្តគ្មានគ្រាប់មីន”​ មិនមានន័យថា​ ខេត្តទាំងនោះអស់បញ្ហា​ជាមួយសំណល់​យុទ្ធភណ្ឌ​សង្គ្រាមនោះទេ​ ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់​ផ្ទុះពី​សង្គ្រាម​ដ​ទៃ​​​​​ទៀត​ ដូចជាគ្រាប់បែកចង្កោម​ គ្រាប់បែក​ទម្លាក់ពីយន្តហោះ​ និងសំណល់គ្រាប់​មិនទាន់ផ្ទុះផេ្សងៗ​ ក្រៅពីគ្រាប់​មីនប្រឆាំង​មនុស្ស ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវ​​បន្តប្រុងប្រយ​ត្ន័និងរួម​គ្នា​បន្តចាត់វិ​ធានបោសសំអាតគ្រាប់មិនផ្ទុះ​ទាំងនោះឱ្យអស់ពីកម្ពុជា ។

    គួរបញ្ជាក់ថា ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស​ គឺស្ថិតនៅក្រោមអនុស​ញ្ញាអន្តរជាតិអូតាវ៉ា​ ដែល​មានសមាជិក​ហត្ថលេខី​ចំនួន១៦៤​ប្រទេស​ ក្នុង​ចំនួន​នេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក​ ដោយ​បូករួមទាំងកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលក្នុងនាម​ជារដ្ឋសមាជិកសកម្ម មួយបាន​ប្តេជ្ញា​​អនុវត្ត​អនុ​​​សញ្ញា​នេះយ៉ាងពេញលេញដោយអនុម័នផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។

    តាមផែនការរបស់រាជរដ្ឋាភិបាល​ អង្គភាពស៊ីម៉ាក់ បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ ២០២២-២០២៥ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារ​គ្រាប់​​មីន​ប្រឆាំងមនុស្សដែលបានដឹង និងមានកំណត់​ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា​ លើចំនួន​នៅសល់ប្រមាណ​៨០០គីឡូម៉ែត្រ​ក្រឡា គឺប្រមាណ៩០ភាគរយនៃបញ្ហាគ្រាប់មីនដែ​លសល់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង