កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនមនុស្ស៣នាក់ និង ថ្នាំញៀនជិត ២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះទី១,ឈ្មោះអ៉ឹម ឈួន អាយុ៥១ឆ្នាំ ( រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យនិងអាវុធជាតិផ្ទុះ ។ ទី២,ឈ្មោះកែវ ទិត្យមេសា អាយុ២១ឆ្នាំ ។ ទី៣,ឈ្មោះហុង គា អាយុ៦១ឆ្នាំ ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕