ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបានកំពុងកើតឡើងនាពេលនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទជាបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេសជាថ្មីម្តងទៀត។
សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា ដោយមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងចៀសវាងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេសរយៈពេល២សប្តាហ៍ជាបណ្តោះអាសន្នដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ។
គួររំលឹកថា នេះជាការប្រកាសផ្អាកបិទបណ្តោះអាសន្នលើកទី៣ហើយ លើសារមន្ទរ រោងភាពយន្ត និងរោងសម្តែងទូទាំងប្រទេសសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយលើកទី១ធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អនុញ្ញាតឲ្យបើកដំណើរការវិញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ប្រកាសផ្អាកលើកទី២ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយអនុញ្ញាតឲ្យដំណើរការវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី៣ ធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០ ដោយតាមការបញ្ជាក់គឺបិទបណ្តោះអាសន្នត្រឹម២សប្តាហ៍តែប៉ុណ្ណោះ។
