កម្ពុជា-ចិន គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នា នៅពាក់កណ្តាលខែមីនា ខាងមុខ

  • ប្រសិន​បើ​គ្មាន​ការ​ប្រែ​ប្រួល​នោះ​ទេ​ លំហាត់​សម​យុទ្ធ​​នាគ​មាស​ឆ្នាំ​២០​២០​ រវាង​កង​ទ័ព​ក​ម្ពុជា ​និង​កង​ទ័ព​រំដោះ ​ប្រ​ជា​ជន​ចិន​ នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​២០​២០​ ខាង​មុខ​នេះ ​ក្នុង​ស្រុក​ជុំ​គិរី​ ខេត្តកំពត​ លើ​ប្រធាន​បទ​ «ប្រឆាំង​ភេរ​វកម្ម និង​កិច្ចការ​មនុស្ស​ធម៌​»។​

    អ្នក​នាំ​ពាក្យ​កង​យោធ​ពល​ខេម​រភូមិន្ទ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ថោង​ សូលី​ម៉ូ​ បាន​អោយ​ដឹង​ថា​ សម​យុទ្ធនាគ​មាស​ឆ្នាំ​នេះ​ នឹង​ធ្វើ​លើ​វិញ្ញា​សា​មួយ​ចំនួន​ដូច​ជា​ ការ​ប្រឆាំង​ភេរ​វកម្ម ​ការ​រំ​ដោះ​ចំណាប់​ខ្មាំង  ការ​សង្រ្គោះ​ប្រជា​ពលរ​ដ្ឋពី​គ្រោះ​ធម្មជាតិ ​ការ​បំពេញ​ភារកិច្ច​ក្រោម​ឆត្រ​អង្គការ​សហ​ប្រ​ជា​ជាតិ​ និង​វិ​ស្វរកម្មជា​ដើម។ ដោយ​ឡែក ​អាវុធ​យុទ្ធភ័ណ្ឌ​ដែល​ប្រើប្រាស់​នៅ​ក្នុង​លំហាត់​ឆ្នាំ​នេះ​ រួម​មាន​ រថពាសដែក ​រ​ថក្រោះ​ ​កាំភ្លើងធំ ​កាំភ្លើង ​ត្បាល់​ ឧទ្ធម្ភាគចក្រ​ និង​អាវុធ​គាំទ្រ​ពី​លើ​អាកាស​ជាដើម​ ស្រប​គ្នា​កម្លាំង​ដែល​គ្រោង​ចូល​រួម​ទាំង២​ភាគី​ មាន​ជាង​ពីរ​ពាន់​នាក់​។​

     

    ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​បាន​សង្កត់​ធ្ងន់​ថា​ ការ​ធ្វើ​លំហាត់​សមយុទ្​ធនាគមាស​ រវាង​កងទ័ព​កម្ពុជា​-ចិន ​នេះ​ មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស ​ឬបុគ្គល​ណា​មួយ​​នោះ​ឡើយ។​ លំហាត់​ហ្វឹក​ហ្វឺន​នេះ​ ធ្វើ​ឡើង​ ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​កង​ទ័ព​កម្ពុជា​ និង​ទទួល​ប​ទ​ពិសោធន៍​បន្ថែម​ដល់​ពី​ប្រទេស​ជាមិត្ត​តែ​ប៉ុណ្ណោះ​។​

    គួរ​បញ្ជាក់​ថា​ លំហាត់​យុទ្ធនាគ​មាស​ឆ្នាំ២០​២០ រវាង​កង​ទ័ព​កម្ពុជា​-ចិន​នេះ ​គឺជា​លើក​ទី៤​ ហើ​យ​ ដែល​ប្រទេស​ទាំង​២​បាន​ធ្វើ​ជាមួយ​គ្នាចាប់​ផ្តើមតាំង​ពី​ឆ្នាំ​២០១៦​មក​៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង