ក្រសួងមហាផ្ទៃបានជូនដំណឹងនៅថ្ងៃនេះថា ក្រសួង នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងអង្គការ សង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារខាន់ៗ ពាក់ព័ន្ធនឹង ការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការ សង្គមស៊ីវិល»។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ វេលាម៉ោង៨៖៣០នាទី ព្រឹក នៅសាលប្រជុំក្រសួងមហាផ្ទៃ។
កិច្ចប្រជុំដូចគ្នានេះត្រូវបានរៀបចំធ្វើជាបន្តបន្ទាប់កាលពីឆ្នាំកន្លងទៅរវាងក្រុមការងាររបស់ ក្រសួងមហាផ្ទៃនិងតំណាងសង្គមស៊ីវិល។ ក្រុមអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជាកន្លង មក ទទូចឲ្យរដ្ឋាភិបាលជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលពួកគេយល់ថា មានលក្ខណៈរឹតត្បិត និងចរិតដាក់គំនាបច្រើនជាងសម្របសម្រួល និងបង្កើនទំនាក់ទំនងជាមួយរដ្ឋអំណាច។
ច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» ដែលមាន៩ជំពូក និង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥ បើទោះជាក្រុមសង្គមស៊ីវិលធ្លាប់ សម្តែងការមិនពេញចិត្តនៅត្រង់មាត្រាមួយចំនួនក្តី។ច្បាប់នេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីអំឡុងខែសីហា ឆ្នាំ២០១៥ ។
ច្បាប់«សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» មានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគមនិងអង្គការមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ។
យ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិលបានសម្តែងការមិនពេញចិត្តនៅត្រង់មាត្រាខ្លះនៃច្បាប់នេះនិងបានស្នើសុំឲ្យមានការធ្វើវិសោធនកម្មផងដែរ។ក្រោយពីទទួលបានសំណើពី ក្រុមសង្គមស៊ីវិល កន្លងមកក្រសួងមហាផ្ទៃធ្លាប់បានជួបតំណាងរបស់អង្គការទាំងនោះដើម្បីពិគ្រោះយោបល់គ្នាទៅលើសំណើរបស់ពួយគេផងដែរកាលពីឆ្នាំកន្លងទៅ៕
