កំពង់ឆ្នាំង៖ អគារប៉ុស្តិ៍រដ្ឋបាលឃុំចំនួនពីរ នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺឃុំក្បាលទឹក និង ឃុំទួលខ្ពស់ ត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ទោ ខូវ លី បានមានប្រសាសន៍ថា ការគិតគូរពីសុខទុក្ខ និងកន្លែងធ្វើការឲ្យបានសមរម្យរបស់កងកម្លាំង គឺបានផ្តល់កម្លាំងចិត្ត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ កាន់តែមានប្រសិទ្ធភាពជូនពលរដ្ឋនៅមូលដ្ឋាន។
លោកស្នងការបានធ្វេីការរំលឹកនិងណែនាំបន្ថែមដល់កងកម្លាំងថ្នាក់មូលដ្ឋាន ឲ្យខិតខំយកចិត្តទុកដាក់ លេីការបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសេីរ ត្រូវបំរើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ត្រូវបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ព្រមទាំងបញ្ហាគ្រឿងញៀននិង ចោរកម្មជាដើម។
ក្នុងឱនោះលោកឧត្តមសេនីយ៍ទោខូវ លីបានកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់កម្លាំងនគរបាលដែលបានអនុវត្តន៍ ការងារបានល្អប្រសើរនាពេលកន្លងមក ហើយកងកម្លាំង នគរបាលគ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបទទន់ភ្លន់ ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្ត គោលនយោបាយភូមិ – ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាព ៕