សម្ដេច​ក្រឡាហោម ស ខេង ៖ សមត្ថកិច្ច​ជំនាញ​ទាំងអស់​ត្រូវសិក្សាពី​ប្រភព​អោយ​ច្បាស់លើករណី​ការចរាចរណ៍​គ្រឿងញៀន​មកកាន់​កម្ពុជា ដែល​សមត្ថកិច្ចទើប​បង្រ្កាប​បាន​កន្លង​ទៅថ្មី​ៗ​នេះ

  • ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋាន​គ្រប់​គ្រង​គ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា សមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពអោយបានច្បាស់លើករណីការចរា​ចរណ៍​គ្រឿង​ញៀនមកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ។
    សម្តេចក្រឡាហោម បញ្ជាក់ដូច្នេះថា «ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើង​ចាប់​បានកាន់តែច្រើន ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះ​ចាប់បានគ្រឿង​ញៀន​ជាង៥០០គីឡូក្រោម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ»
    សម្ដេចក្រឡាហោម បន្ដថា គ្រឿងញៀនជាង៥០០គីឡូក្រោម ដែលរឹបអូសយកមកបាននៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់​នៅកម្ពុជាទាំងអស់នោះទេ តែក្រុមទាំងនោះបានយកទៅបន្ដបែងចែកតាមបណ្ដាប្រទេសផ្សេងៗទៀត ដូចជា វៀតណាម ថៃ ជាដើម ដែលធ្វើឡើងតាមផ្លូវសមុទ្រ។
    ស្របពេលនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំទៅដល់សមត្ថកិច្ចទាំងអស់ទូទាំងប្រទេស ត្រូវបន្ដពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀននៅប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕
    ប្រភព ៖ក្រសួងមហាផ្ទៃ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង