ខេត្តកណ្តាល ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាខេត្តទី ៣ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រៃវែង ។ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ បានប្រារព្ធឡើងនៅក្នុងបរិវេណសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងដែរថា ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ របស់ក្រសួងគឺបានគ្រោងខេត្តចំនួន៥ខេត្ត ដើម្បីជំរុញជាខេត្ត ODF រួមមាន ខេត្តស្វាយរៀង កំពង់ស្ពឺ ព្រៃវែង កំពង់ឆ្នាំង និងកែប។ ប៉ុន្តែបច្ចុប្បន្ននៅឆ្នាំ២០២២នេះ ខេត្តដែលសម្រេចបានODF ជាផ្លូវការរួចមានចំនួន២ខេត្ត គឺខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ដោយឡែកខេត្តកណ្តាល ជាខេត្តទី០៣ ដែលសម្រេចបាន ODF នៅក្នុង ឆ្នាំ២០២២ ហើយខេត្តកណ្តាល ជាខេត្តពិសេសជាងគេ ពីព្រោះថាខេត្តនេះមិនស្ថិតនៅក្នុងផែនការដែលត្រូវជំរុញឱ្យបាន ODF នៅក្នុងឆ្នាំ២០២៣ នោះទេ ប៉ុន្តែជាក់ស្តែងខេត្តធ្វើបាន នេះជាភាពខ្លាំងរបស់ខេត្តកណ្តាល។
ទោះបីជាបានទទួលស្គាល់ថាជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង ប៉ុន្តែលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានប្រកាសប្តេជ្ញាបន្តវិធានការអប់រំលើការ ប្រើប្រាស់បង្គន់អនាម័យ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបរស់ក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
លោកស្រី ជី ថាវី បន្តថា ការសម្រេចបាន ODF នៅក្នុងខេត្តកណ្តាល គឺមានការប្រឈមជាខ្លាំងដោយសារប្រជាជន ភាគច្រើនរស់នៅក្នុងតំបន់ទំនាប លិចទឹកទន្លេមេគង្គក្រោម និងតំបន់ដែលមានកម្ពស់ទឹកក្រោមដីខ្ពស់ ដែលជាកត្តាធ្វើឲ្យការសាងសង់បង្គន់មានការលំបាក ក៏ប៉ុន្តែដោយមានការខិតខំប្រឹង ប្រែងយកចិត្តទុកដាក់ចូល រួមសហការ ឧបត្ថម្ភគាំទ្រ ពីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ជនបង្គោលអនាម័យភូមិ-ឃុំ ប្រជាពលរដ្ឋ សប្បុរសសជន និងអង្គការដៃគូបានធ្វើឱ្យសម្រេចបានការបញ្ចប់បន្ទោរបង់ពាស វាលពាសកាលខេត្តកណ្តាលប្រកបដោយជោគជ័យ។
យោងលើរបាយការណ៍ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ខេត្តកណ្តាល មានគ្រួសារដែលមានទឹកស្អាតសម្រាប់ប្រើប្រាស់មាន ចំនួន៨២.៣ភាគរយ ។ ដោយឡែក យោងតាមការបូកសរុបលទ្ធផលបឋមរបស់ក្រុមការងារចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោ បង់ពាសវាលពាសកាលនៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ បានបង្ហាញឱ្យឃើញថា ខេត្តកណ្តាលសម្រេច បាន ODFទាំងស្រុង ដែលក្នុងនោះក្រុង/ស្រុកទាំង ១១ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យដែលមានការកែលម្អ ១០០ភាគរយ បានសេចក្តីថា ខេត្តដែលមានខ្នងផ្ទះ ២៦ម៉ឺនខ្នងមិនមានខ្នងផ្ទះណានៅបន្តការបន្ទោបង់ក្រៅបង្គន់ទៀតនោះទេ ៕