ក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មី របស់ផលិតកម្ម Galaxy Navatra បទ”មាន់កម្សត់” ដែលជាការច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទលីម៉ា បានក្លាយជាបទចម្រៀងមួយកំពុងតែទទួលបានគាំទ្រច្រើន ដោយគិតមកដល់ថ្ងៃនេះមានអ្នកទស្សនាជាច្រើនលានដង ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ ។ អ្វីដែលជាការចាប់អារម្មណ៍ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំរបស់កំពូលតារាចម្រៀងទាំងពីរ ប្រិយមិត្តមានចាប់អារម្មណ៍លើទេសភាពនៃតំបន់ទេសចរណ៍ក្នុងវីដេអូបទចម្រៀងនោះដែរឬទេ ថាតើថតនៅទីតាំងណា?
ទឹកជ្រោះដ៍ស្រស់ស្អាតក្នុងវីដេអូដែលប្រិយមិត្តបានឃើញនោះ គឺស្ថិតនៅទឹកដី ខេត្តរតនគីរី ឈ្មោះថា”ទឹកជ្រោះ៧ជាន់ អូរស៊ីនលែរ “។ ទឹកជ្រោះ៧ជាន់ អូរស៊ីនលែរ ស្ថិតក្នុងតំបន់ព្រៃភ្នំ ជំរុំបីស្រុក (ស្រុកលំផាត់) ដែលមានចំងាយ២២គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។
ជារឿយៗគេតែងឃើញ ផលិតកម្ម Galaxy Navatra បានចុះថតMV របស់ខ្លួននៅរមណីយដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីចែកជូនអ្នកគាំទ្របានទស្សនា។ជាស្ដែង ក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មីនេះ ទេសភាពធម្មជាតិល្បីៗជាច្រើន ក្នុងប្រទេសកម្ពុជា ត្រូវបានផលិតកម្មបញ្ជូនក្រុមផលិតចុះថត ហើយពេលខ្លះថែមទាំងប្រើយន្តហោះដឹកតួ ចុះទៅថតដោយផ្ទាល់ក៏មាន។
តាមការឲ្យពីក្រុមអ្នកថតរបស់ ផលិតកម្ម Galaxy Navatra បទ”មាន់កម្សត់” ត្រូវបានថត២ទីតាំង មាន”ទឹកជ្រុះ៧ជាន់ អូរស៊ីនលែរ” និង លើរីស៊តរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលនៅម្ដុំបឹងយក្សឡោមតែម្ដង។

