អាជ្ញាធរជាតិអប្សរា ប្រគល់​ប័ណ្ណសរសើរជូនប្រជាពលរដ្ឋ ៧គ្រួសារដែល​បាន​សាងសង់ផ្ទះ​ខ្មែរ​ត្រឹមត្រូវស្រប​តាមគំរូប្លង់​ស្ថាបត្យ​កម្ម

  • អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួម​ពីមន្ត្រីរដ្ឋបាលស្រុកបន្ទាយ​ស្រី ​បានប្រគល់ប័ណ្ណសរសើរ​ ជូនប្រជាពលរដ្ឋ​ ចំនួន ៧គ្រួសារ នៅ​ក្នុង​តំបន់រមណីយដ្ឋានអង្គរ ដែលបានសាងសង់ផ្ទះខ្មែរបានត្រឹមត្រូវស្របតាមប្លង់ស្ថាបត្យកម្មដែលអាជ្ញាធរជាតិអប្សរាប្រគល់ជូន។ ពិធី​នេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១ នៅ​គេហដ្ឋានរបស់ប្រជាពលរដ្ឋដែលស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។   ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃ អាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញជាអធិបតី​នៅពេល​នោះបានមានប្រសាសន៍​ថា តាម​​គោ​ល​​​​​​​ការណ៍របស់រាជរដ្ឋាភិបាលគឺអាជ្ញាធរជាតិអប្សរាកំពុងប្រឹងប្រែងលើកតម្លៃផ្ទះបែបខ្មែរដែលជាសម្បត្តិបេតិក​ភណ្ឌរូបី​និងបាន​​ចូល​រួម​​បង្ហាញតម្លៃវប្បធម៌ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងមនុស្សជំនាន់ក្រោយឱ្យបានដឹងពីកេរដំណែលរបស់ដូនតាខ្មែរយើង។

    ឯកឧត្តម បន្ថែមទៀតថា​រមណីយដ្ឋានអង្គរគឺជាតំបន់វប្បធម៌នៃអត្តសញ្ញាណរបស់ជាតិខ្មែរ ដូច្នេះប្រជាពលរដ្ឋយើងដែលកំពុងរស់នៅ​​ក្នុង​​តំបន់នេះ​ត្រូវចូលរួមថែរក្សា លើកតម្លៃវប្បធម៌របស់យើង ដែលជាបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ។

    ទន្ទឹមនេះដែរ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបានសម្តែងអារម្មណ៍ត្រេកអរ ដោយមិននឹកស្មានថា ផ្ទះរបស់ពួកគាត់ត្រូវបានអាជ្ញាធរជាតិ​អប្សរា និងរដ្ឋបាលស្រុកបន្ទាយស្រីចាត់ទុកជាផ្ទះគំរូ ហើយទទួលបានប័ណ្ណសរសើរថែមទៀតផង។ ពួកគាត់ក៏សូមថ្លែងអំណរ​​គុណ​​ចំពោះ​​អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកបន្ទាយស្រីដែលបានប្រគល់ប័ណ្ណសរសើរដល់ពួកគាត់នាពេលនេះ និងសូមអំពាវ​នាវដល់បងប្អូន​​ប្រជា​ពល​រដ្ឋផ្សេងទៀតដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ ប្រសិនបើមានគម្រោងសង់ផ្ទះសូមទៅដាក់ពាក្យស្នើសុំសាងសង់ និងសង់ផ្ទះ​តាម​គំរូផ្ទះខ្មែរស្របតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា។

    គួរបញ្ជាក់ផងដែរ​ថា អាជ្ញាធរជាតិអប្សរាមានគម្រោងចុះប្រគល់ជូនប័ណ្ណសរសើរដល់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរនៅស្រុកអង្គរធំ  និង​​ស្រុក​​​​​​​ប្រាសាទ​​បាគង ដែលបានសាងសង់ផ្ទះខ្មែរបានត្រឹមត្រូវនៅពេលឆាប់ៗខាងមុខនេះទៀត៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង