បើតាមសេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះចុះឡោមព័ន្ធឃ្លាំងស្តុកទំនិញ មួយកន្លែង ដើម្បីត្រួតពិនិត្យ និងឆែកឆេរដោយ បានរកឃើញទំនិញចំនួន៧មុខ មានទម្ងន់ប្រមាណជាង៧៦តោន មិនទាន់បានបង់ពន្ធត្រឹមត្រូវ ជាផលិតផលរបស់ប្រទេសថៃ ។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅវេលាម៉ោង២ រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងយីហោ« ខេ.យូ.អេស ខូអិលធីឌី » តាម បណ្តោយផ្លូវលេខ ៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

តាមការបញ្ជាក់ពី ប្រជាពលរដ្ឋបានអោយដឹងថា ជារៀងរាល់ថ្ងៃគេបានឃើញឃ្លាំងខាងលើនេះ បានធ្វើសកម្មភាពដឹកទំនិញចេញចូល ។ ស្រាប់តែ នៅថ្ងៃនេះមានមន្ត្រីជំនាញគយចល័ត បានចុះមក កាន់ទីតាំងខាងលើធ្វើការឡោមព័ន្ធដើម្បីត្រួតពិនិត្យ និងឆែកឆេរ ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញបានលើកឡើងថាសមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីគយចល័តតំបន់១បានចុះត្រួតពិនិត្យឆែកឆេរទីតាំងឃ្លាំងលេខ១៦៦៩
បានរកឃើញទំនិញគ្មានបង់ពន្ធ ចំនួន៧ មុខភាគច្រើនជាប្រហិតនាំមកពីប្រទេសថៃ និងផ្លែឈើនាំ មកពីចិន សរុបទម្ងន់ប្រមាណជាង៧៦ តោន ។

បច្ចុប្បន្នទំនិញទាំង៧មុខខាងលើត្រូវបាន មន្ត្រី ជំនាញ ក.ប.ប . នាំយកមួយចំនួនទៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យគុណភាពជាបន្ត ៕











