កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧ និង ១០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងក្នុងអង្គភាព ឃាត់ខ្លួនក្រុមក្មេងបង្កអនាធិបតេយ្យចំនួន០៦នាក់យកមកធ្វេីការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក។
សមត្ថកិច្ច បានអោយដឹងថា មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៉ិន បូរមី ភេទប្រុសអាយុ២០ ឆ្នាំរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញរោងជាងជួសជុលម៉ូតូមួយកន្លែងរបស់គាត់ក្នុងមូលដ្ឋានខាងលេីបណ្តាលឱ្យខូចខាតដោយអន្លេីនាថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២១ដោយពុំដឹងមូលហេតុ។
សមត្ថកិច្ច បានអោយដឹងទៀតថា ក្រោយទទួលបានព័ត៌មានភ្លាមនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុកដឹកនាំកម្លាំងចេញប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានភ្លាមៗចំពោះក្រុមក្មេងបង្កអនាធិបេត្យខាងលេីចំនួន០៦នាក់ យកមកធ្វេីការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាន។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុក ក្រុមក្មេងៗទាំងនេះបានឆ្លេីយសារភាពថា មូលហេតុដែលពួកគេយកដុំថ្មគប់បំផ្លាញរោងជួសជុលម៉ូតូរបស់ជនរងគ្រោះខាងលេីនេះ គឺមិនមែនដោយសារគំនុំអ្វីនោះទេតែសកម្មភាពរបស់ពួកខ្លួនបែបនេះគឺគ្រាន់ ជាការកំសាន្តសប្បាយតែប៉ុណ្ណោះ។
ក្រោយការជួសជុលសំណងទៅជនងគ្រោះជាម្ចាស់តូបរួចមកសមត្ថកិច្ចនគរបាលបានធ្វេីការអប់រំនិងធ្វើកិច្ចសន្យាដោយឱ្យឪពុក ម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ៕
(រូបភាព នគរបាលស្រុកថ្មគោល)