ក្រសួងអប់រំ​សម្រេច​ពន្យា​ពេល​កា​រ​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ និ​ង​មធ្យម​សិក្សា​ទុតិយភូមិ

  • ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានសេចក្តីណែនាំថ្មីមួយ ស្តីពីការពន្យារពេលការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ដោយមិន​ទាន់​កំណត់កាលបរិច្ឆេទថ្មីនោះឡើយ។ ការសម្រេចពន្យារពេល ប្រឡងសញ្ញាបត្រទាំង២នេះ ត្រូវបានក្រសួងអប់រំអះអាងថា ជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

    ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ នៅថ្ងៃទី៨ ខែមេសានេះ បានសម្រេច​ពន្យាពេលរៀប​ចំកា​រ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋមភូមិ ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ដោយឡែក ចំពោះការ​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក៏ត្រូវពន្យា​ពេល​ផងដែរ។

    ក្រសួងអប់រំ បានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ក្រសួងនឹងកំណត់នៅពេលក្រោយ។

    ក្រសួងបានបន្តថា កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង និងការផ្តល់​សំណុំលិខិត​ចុះឈ្មោះ​ប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ សម្រាប់បេក្ខជនគ្រប់ប្រភេទ ត្រូវបញ្ជូនមកក្រសួងតាមកាលកំណត់ ដើម្បីរៀបចំការប្រឡង​នៅពេល​ក្រោយ។ ជាមូយគ្នានេះ ក្រសួងអប់រំបានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវធ្វើស្វ័យសិក្សានៅតាមផ្ទះ ដោយប្រើប្រាស់​សៀវភៅ​សិក្សាគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលមាននៅក្នុងគេហទំព័រ YouTube Facebook ផ្លូវការរបស់ក្រសួង និងមជ្ឈមណ្ឌលសិក្សាអេឡិចត្រូចនិក រួមនឹងប្រព័ន្ធផ្សេងៗទៀត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង