ក្រសួង​បរិស្ថាន ​ផ្តល់ពូជគោនិង​មាន់ដល់ពលរដ្ឋ​ជា​សមាជិក​សហគមន៍​ទឹកធ្លាក់​​ស្រែអំពិល​ ​នៅ​ខេត្តកំពង់​ឆ្នាំង

  • កំពង់ឆ្នាំង៖ ក្រសួងបរិស្ថានបានផ្តល់ពូជគោចំនួន៣៩ក្បាល ,ពូជមាន់ចំនួន ៤៨៥ក្បាល និង ថាមពលអគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យកម្លាំង៣៣គីឡូវ៉ាត់ ជូនដល់ប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលជាសមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល ស្ថិត​ក្នុង​ឃុំក្តុល​សែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    ពូជសត្វគោនិងមាន់ទាំងនេះ ត្រូវបានឯកឧត្តម សាបូ អូហ្សាណូ រដ្ខលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម អម សុភា ភិ​បាល​រងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១

    ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយគូសបញ្ជាក់ថា ការបង្កើតសហគមន៍និង រមណី​យ​ដ្ឋានទឹកធ្លាក់ស្រែអំពិលនៅក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស គឺដើម្បីរៀបចំសេវាកម្មទេសចរណ៍ដោយសហគមន៍ផ្ទាល់ ដែល​អាចរកប្រាក់ចំណូលបន្ថែមពីវិស័យនេះ  ដោយបង្វែរពីការព្រៃឈើនិងការប្រព្រឹត្តបទល្មើសនានានៅក្នុងដែនអភិរក្ស ដែល​នាំឲ្យវិនាសហិនហោចធនធានធម្មជាតិ នៅក្នុងតំបន់នេះ

    ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរអរគុណដល់ក្រសួងបរិស្ថានផងដែរ ដែលបានគាំទ្រឲ្យមានការបង្កើតជា​រម​ណីយ​ដ្ឋា​ន​​និង​សហគមន៍ ទឹកធ្លាក់ស្រែអំពិលនិង បានជួយឧបត្ថម្ភជាបន្តបន្ទាប់

    ឯកឧត្តម សាបូ អូហ្សាណូ បានមានប្រសាសន៍បញ្ជាក់ថា  ការចែកពូជគោនិងមាន់ ដែលផ្តល់ដោយក្រសួងបរិស្ថាន ដល់​ប្រជា​ពល​រដ្ឋនៅក្នុងសហគមន៍ទឹកធ្លាក់ស្រែអំពិលនាពេលនេះ គឺដើម្បីបង្កើតមុខរបរ និង ប្រាក់ចំណូលគ្រួសារបន្ថែមទៀត លើក​កម្ពស់​​ជីវភាពរស់នៅ និងអភិវឌ្ឍន៍សហគមន៍ឱ្យមានការរីកចម្រើនក្នុងគោលដៅជួយថែរក្សា ការពារ និង អភិរក្សធនធាន​ធម្ម​ជាតិ​ ប្រកបដោយចីរភាព

    ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរដែនដី មន្ត្រីសមត្ថកិចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ទាំងអស់ ត្រូវសហការជួយមានវិធានការទប់ស្កាត់ ការកាប់​ឈើធ្វើអាជីវកម្មនិងការកាប់ព្រៃឈើយក​ដីរបស់​រដ្ឋ​ធ្វើ​ជាកម្មសិទ្ធិឲ្យមានប្រសិទ្ធិភាព

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង