ផលិតកររឿង”ដើម្បីកូន”លោក ហ៊ុយ យ៉ាឡេង បានប្រគល់ប្រាក់ ៤លានរៀល ទុកជាមុនជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែកជួយសង្គម និងកុមារកម្ពុជា មុនស្នាដៃរបស់ខ្លួនសម្ពោធបញ្ចាំងជាផ្លូវការនាចុងខែមករា ឆ្នាំ២០២០នេះ។
លោក ហ៊ុយ យ៉ាឡេង ផលិតករដ៏លេចធ្លោម្នាក់បានលើកឡើងថាទឹកប្រាក់៤លានរៀលនេះគឺគ្រាន់តែជាការរួមចំណែកដំបូងរបស់ខ្លួនតែប៉ុណ្ណោះ ហើយលោកត្រៀមនឹងកាត់ប្រាក់ចំណេញ១០ភាគរយផ្សេងទៀតជូនមន្ទីរពេទ្យនេះនៅពេលបញ្ចប់ការបញ្ចាំងផ្លូវការ។
លោកបានអះអាងថា៖”ខ្ញុំធ្វើកម្មវិធីថ្ងៃនេះដោយមានបងៗមកពីមន្ទីរពេទ្យគន្ធបុប្ផាដើម្បីទទួលប្រាក់ដែលខ្ញុំបានប្រគល់ជូនសម្រាប់រឿងថ្មីរបស់ខ្ញុំនេះ ហើយនេះមិនមែនខ្ញុំយកមន្ទីរពេទ្យដើម្បីប្រម៉ូសិនឱ្យទស្សនិកជនចូលទស្សនារឿងខ្ញុំឡើយ។ ខ្ញុំមានគម្រោងនេះយូរមកហើយគ្រាន់តែមិនទាន់ដល់ពេលទើបតែពេលនេះប៉ុណ្ណោះខ្ញុំធ្វើវាបានសម្រេច”។
ម្ចាស់ស្នាដៃរឿង”ធ្មប់”ដ៏ល្បីល្បាញរូបនេះ បន្តថាភាពយន្តរឿង”ដើម្បីកូន” ជារឿងថ្មីបំផុតមួយរបស់ខ្លួន មិនធ្លាប់ផលិតពី មុនមក ព្រោះតែស្នាដៃនេះ គឺជារឿងពិតនៅក្នុងសង្គម ដែលនិយាយពីការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់ឪពុកដើម្បីកូន។
ក្រៅតែពីសាច់រឿងបែបអប់រំ និងកម្សត់ ស្នាដៃនេះគឺផលិតឡើងដោយយកគុណភាពជាចម្បង ដោយមិនចាញ់ស្នាដៃមុនៗឡើយ។ ទោះមិនមែនជាស្នាដៃបែបជារឿងខ្មោច កំប្លែងដូចមុនដែលជាការពេញនិយមរបស់ទស្សនិកជនខ្មែរនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែផលិតករ និងជាតួអង្គក្នុងរឿង”ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បានបង្ហាញក្ដីរំពឹងទទួលការគាំទ្រពីទស្សនិកជន មិនចាញ់ស្នាដៃមុនៗនេះ។ ជាងនេះទៀតសោធន៍លោកជឿជាក់ថារឿងនេះនឹងអាចកែប្រែអារម្មណ៍ទស្សនិកជនពីការចូលចិត្តទស្សនារឿងបែបកំប្លែង និងខ្មោច ងាកមកចាប់អារម្មណ៍រឿងបែបអប់រំវិញម្ដង។
ទន្ទឹមនឹងការបង្ហាញក្ដីរំពឹងនេះផលិតករឈរលើវិស័យភាពយន្តជាង ២០ឆ្នាំរូបនេះ ក៏ស្មើឱ្យទស្សនិកជនជួយគាំទ្រស្នាដៃថ្មីរបស់ខ្លួនមួយនេះ ដោយមិនត្រឹមតែទទួលបានផ្ទាំងទស្សនីយភាពថ្មីប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ថែមទៀតនៅពេលបានទស្សនាភាពយន្តនេះ។
ភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿង”ដើម្បីកូន” របស់ផលិតករលោក ហ៊ុយ យ៉ាឡេង នឹងផ្ដើមចាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ៕