កំពង់ឆ្នាំង ៖ ម្ចាស់ចំការឪឡឹកដែលសង្ស័យថា បានយកធុងថ្នាំទៅលាងទឹកក្នុងអណ្តូងដៃបណ្តាលឲ្យពលរដ្ឋច្រូតស្រូវដួសទឹកផឹកពុលស្លាប់២នាក់និងអាការៈធ្ងន់ស្រាល១១នាក់នោះ ពេលនេះសមត្ថកិច្ចបានកោះហៅម្ចាស់ចំការដើម្បីធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហើយកាលពីរល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
លោកប៉ុល វុទ្ធីស្នងការរង ទទួលផែនព្រហ្មទ័ណ្ឌ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២៤ និង២៥ ឈ្មោះជា វិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានយក ធុងថ្នាំ និង ថ្នាំចំនួន៣ប្រភេទ ដើម្បីលាយទឹក ទីតាំងដែលគាត់លាយថ្នាំនោះគឺក្បែនិងអណ្តូងទឹក ហើយការលាយថ្នាំនោះគឺគាត់បានយកទឹកនៅក្នុងអណ្តូងដៃនោះមកលាយ ហើយថ្នាំបានជ្រាបចូលក្នុងទឹក ពេលពលរដ្ឋមកដួសប្រើទើបធ្វើឲ្យពុលតែម្តង ។ ជានីតិវិធីសមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី ។
លោកជា វិត ដែលជាម្ចាស់ចំការ បានប្រាប់ឲ្យដឹងថា អ្វីដែលកើតឡើងនេះ គឺគាត់ពិតជាបានធ្វើពិតប្រាកដមែន ប៉ុន្តែគាត់គ្មានចេតនានោះទេ ក្រោយពីលាយថ្នាំរួច និងលាងធុង គាត់បានបានដាក់សំបកថ្នាំជាសញ្ញាប្រាប់ដែរ ប៉ុន្តែមិនបានដាក់ត្រឹមត្រូវ ហើយពេល ដែលពលរដ្ឋមកច្រូតស្រូវក៏ដួសទឹកនេះហូប បណ្តាលឲ្យពុលដូចនេះទៅ ។
លោកជា វិត គាត់បាប្រាប់ថា គាត់ពិតជាមានអារម្មណ៍ភ័យនិងក្តុលក្តួលជាខ្លាំង នៅពេលមានហេតុការណ៍នេះកើតឡើង គាត់មិនចង់ឲ្យកើតនោះទេ ។ បច្ចុប្បន្ននេះគាត់មានកូនដល់ទៅ៦នាក់ រូបគាត់ជាបង្គោលក្នុងគ្រួសារ ប្រសិនបើគាត់ត្រូវអនុវត្តតាមផ្លូវច្បាប់ និង មានទោសទ័ណ្ឌនោះពិតជាធ្វើឲ្យគ្រួសាររបស់គាត់ជួបការលំបាក ។