កំពង់ឆ្នាំង៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុនដែលទទួលកែលម្អកំណាត់ផ្លូវជាតិលេខ៥ ផ្នែកខាងត្បូង ពីព្រែកក្តាម ខេត្តកណ្តាល-ទៅធ្លាម្អម ខេត្តពោធិ៍សាត់ បានស្នើសុំដល់ប្រជាពលរដ្ឋ កុំបំផ្លិចបំផ្លាញ និងយកសម្ភារការពារសុវត្ថិភាពទៅធ្វើជាកម្មសិទ្ធិដែលដាក់តាមការដ្ឋាននីមួយៗនៅលើដងផ្លូវ។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីមានសម្ភារៈដាក់ការពារសុវត្ថិភាពប្រហែល ២០០០ត្រូវបានបាត់ចេញពីតាមទីតាំងការដ្ឋាននានាលើផ្លូវជាតិលេខ៥ ។

លោក Takuji Shigeyama ប្រធានគ្រប់គ្រងគម្រោងសាងសង់ បានបញ្ជាក់ថា ចាប់តាំងពីការអនុវត្តគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ក្រុមការងារបច្ចេកទេសជួសជូលកែលម្អផ្លូវ បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា តំបន់ខ្លះប្រជាពលរដ្ឋបានជិះយានជំនិះចូលកន្លែងកំពុងស្ថាបនាផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ និងបង្កជាហ៊ុយដី ខណៈមានប្រជាពលរដ្ឋខ្លះបានយកសម្ភារៈសុវត្ថិភាពទៅដាក់កន្លែងផ្សេងឬដកយកទៅប្រើប្រាស់ផ្ទាល់ខ្លួនជាដើម។

លោក ឌុន វណ្ឌីរីហ្គែន តំណាងនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ដែរថា ក្នុងអំឡុងពេលអនុវត្តគម្រោងជួសជុលកែលម្អកំណាត់ផ្លូវនេះ ក្រុមអ្នកបច្ចេកទេសបានជួបប្រទះនូវប្រឈមមួយចំនួនដែលជាឧបសគ្គសម្រាប់ការសាងសង់ ពេលខ្លះអ្នកជិះម៉ូតូបានវៃបំផ្លាញចោល អំពូលភ្លើងសញ្ញាដែលដាក់ការពារសុវត្ថិភាព។ ករណីនេះលោកទទូចសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ចូលកុំបំផ្លិចបំផ្លាញសម្ភារតាមដងផ្លូវ ដែលជាផលប្រយោជន៍សាធារណៈ ជាពិសេសសុវត្ថិភាពតែម្តង។
គួរបញ្ជាក់ថា ការកែលម្អកំណាត់ផ្លូវជាតិលេខ៥ ដែលចំណាយទឹកប្រាក់សរុបប្រមាណ៦០០លានដុល្លារនោះ ចែកចេញជា៣គម្រោង រួមមាន គម្រោងទី១ លាតសន្ធឹងពីបង្គោលគីឡូម៉ែត្រលេខ២៨២ ខេត្តបាត់ដំបងទៅកាន់គីឡូម៉ែត្រលេខ ៣៦៦ ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ គម្រោងទី២ លាតសន្ទឹងពីចំណុចធ្លាម្អម គីឡូម៉ែត្រលេខ១៧១ ខេត្តពោធិ៍សាត់ ដល់គីឡូម៉ែត្រលេខ២៨២ ខេត្តបាត់ដំបង និងគម្រោងទី៣ ចាប់ពីព្រែកក្តាមគីឡូម៉ែត្រលេខ៣១ ខេត្តកណ្តាល ដល់ធ្លាម្អម គីឡូម៉ែត្រលេខ១៧១ ខេត្តពោធិ៍សាត់។ ក្នុងគម្រោងនេះក៏មានការសាងសង់ផ្លូវវៀងក្រុងឧត្តុង្គ និងក្រុងកំពង់ឆ្នាំង ព្រមទាំងមានការសាងសង់ស្ពានចំនួន២ ជួសជុលស្ពានចាស់១៣កន្លែង និងសាងសង់ស្ពានថ្មីជំនួសស្ពានចាស់១៨កន្លែង រួមនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ៕














