មហាជនមួយចំនួនពិតណាស់ ដែលបានស្គាល់ថាលោកយ៉ន សេងហាន គឺជាបុគ្គលដ៍ជោគជ័យ មួយរូបផ្នែកលក់ដីឡូត៏ច្រើនហិចតា និងវិវត្តន៏ខ្លួនលើមុខរបរបន្តបន្ទាប់។ ធ្លាប់ស្គាល់រសជាតិជីវិត លំបាកកម្សត់ច្រើនរូបភាពពីអតីតកាល ទើបស្ថិតក្នុងជីវិតមួយប្រសើរលោក សេងហានរមែង ដឹកនាំក្រុមការងារគ្រប់ជាន់ថ្នាក់ ធ្វើអំពើល្អជួយដល់សង្គម បែបមនុស្សធម៌ គិតគូអ្នកទីទ័លក្រ ចាស់ជរានិងកុមារ។ ទីបំផុតលោកសម្រេចគោលដៅមួយយ៉ាងធំ។
ម្នាក់ៗមានការកោតសរសើរស្រាប់តែក្នុងពេលនេះ លោក យ៉ន សេងហាន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាគួរអោយភ្ញាក់ផ្អើល។ មានការបង្ហើបថាលោកតស៊ូប្រកបរបរតាំងពីមុខរបរតូចយ៉ាងលំបាករហូតដល់មុខរបរធំ និង ចូលរួមក្នុងសកម្មភាពសប្បុរសធម៌១២ឆ្នាំ ទម្រាំក្លាយខ្លួនជាបុគ្គលជោគជ័យនៅក្នុងពេលនេះ។
យោងតាមព្រះក្រឹត្សដែលចុះព្រះហត្ថលេខាកាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ មានខ្លឹមសារថា”យើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារជ្ជរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបូលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី(យោងតាមសេចក្ដី ក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា) ត្រាស់បង្គាប់ ផ្ដល់គោរមងារ លោ យ៉ន សេងហាន ជាឧកញ៉ា។
ជាមួយនឹងព្រះរាជក្រឹត្យ ដែលបានបង្ហោះឡើង គេឃើញកូនសិស្សរបស់លោករាប់រយនាក់បង្ហោះសារអបអរសាទរ។ នេះជាសមិទ្ធិផលធំមួយ ដែលអគ្គនាយកក្រុមហ៊ុន សេងហានរូបនេះ បានទទួល បន្ទាប់ពីហែលឆ្លងពីជីវិតពោរពេញដោយការតស៊ូស្ទើរតែពាក់កណ្ដាលជីវិត។
លោក យ៉ន សេងហាន ក៏ជាគ្រូបណ្ដុះបណ្ដាលអាជីវកម្មជោគជ័យដ៏ល្បីឈ្មោះម្នាក់ផងដែរ។ មុនទទួលងារជាឧកញ៉ាប៉ុន្មានថ្ងៃ លោកធ្លាប់បង្ហោះថា ពិតជាមិនគួរអោយជឿទេ ដែលអាពាហ៍ពិពាហ៏កាលពី១២ឆ្នាំ សូម្បីថ្លៃទឹកដោះបង្គាប់១៥០០ដុល្លារ ក៏លោកគ្មានគ្រប់ មានតែ៦០០ដុល្លារ (ជំពាក់គេ៩០០ដុល្លារ) និង មានតែ១០ម៉ឺនរៀលតស៊ូរស់ជាមួយភរិយា ដោយជាប់បំណុលគេជាច្រើន ពីព្រោះតែម្ដាយឪក្មេក យកលុយគេមករៀបការអោយ។ លោកក៌ត្រូវគេស្គាល់ថា គឺជាសប្បុរសជនមួយរូប ដែលតែងតែដឹកនាំក្រុមការងារធ្វើកិច្ចការសង្គមដូចជាចែកអំណោយផ្សេងៗនៅក្នុងសហគមដែលលោកបោះ គម្រោងធ្វើអាជីវកម្មពុះដីឡូតិ៍ និងសង់បុរី ជាពិសេសក្នុងទឹកដីខេត្តត្បូងឃ្មុំ និង ខេត្តកំពុងស្ពឺ ខណៈដែលក្រុមហ៊ុនរបស់លោកក៌មានស្នាដៃក្នុងការលើកផ្លូវ ជីកប្រឡាយ និងអភិវឌ្ឍន៏សហគមន៏ជាច្រើន តាំងពីជោគជ័យក្នុងអាជីវកម្មដីធ្លី។