ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញនិងអំពាវនាវដល់មន្ត្រីជំនាញ អង្គការដៃគូ អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវប្តេជ្ញា អភិរក្សតំបន់ការពារទេសភាពអន្លង់ព្រីងឱ្យនៅគង់វង្ស ស្ថិតស្ថេរសម្រាប់បម្រើជាប្រយោជន៍ដល់អ្នកភូមិនៅ ក្បែរ ពិសេសក្មេងជំនាន់ក្រោយតាមរយៈការចងក្រង បង្កើតជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនៅថ្ងៃខាងមុខ ខណៈដែលតំបន់ដីសើមមួយកន្លែងនេះមានសារៈប្រយោជន៍ខ្លាំងណាស់ព្រោះជាទីជម្រករបស់ជីវចម្រុះ និងសត្វស្លាបជិត១០០ប្រភេទ។

ការជំរុញនិងអំពាវនាវរបស់ឯកឧត្តមដូចនេះបានធ្វឡើងនៅក្នុងទិវាតំបន់ដីសើម ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ “តំបន់ដីសើម និងជីវចម្រុះ” នៅសាលាបឋមសិក្សា ថ្មបើកស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីពេលថ្មីៗនេះ។
ឯកឧត្តម បានបន្ថែមទៀតថា ព្រះរាជាណាកច្រកម្ពុជា មានផ្ទៃតំនប់ដីសើមប្រមាណ ៤០ភាគរយ ហើយតំបន់ដីសើម គឺសំដៅលើដីមានសំណើម ដូចជានៅតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងវាលទំនាបមួយចំនួនផងដែរ។ ដោយឡែកតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ដីសើមដែលមានផ្ទៃដី ប្រមាណ ២១៧ហិកតា ដែលបាន និងកំពុងអភិរក្ស ហើយតំបន់នេះមានលក្ខណៈ ពិសេសត្រង់ថា ជាជម្រកសត្វស្លាបច្រើន ប្រមាណជិត១០០ប្រភេទ ហើយខ្លះជាប្រភេទបក្សីកម្រជិតផុតពូជ ពីភពផែនដី ដូចជាសត្វក្រៀលជាដើម ដែលមានចំនួនជាង១០០ក្បាល នៅតំបន់ការពារ ទេសភាពអន្លង់ព្រីងនេះ។

ឯកឧត្តមបានបញ្ជាក់ថា មន្ដ្រីជំនាញ អង្គការដៃគូ និងអាជ្ញា រួមនឹងប្រជាពលរដ្ឋត្រូវរួមសហការគ្នា ក្រៅពីការងារអភិរក្ស សូមរួមគ្នាចង ក្រងបង្តើតជាតំបន់អេកូទេសចរណ៍ នៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះ ដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងក្មេងៗជំនាន់ក្រោយ។
សូមជម្រាបថា ទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២០ មានការសហការរៀបចំដោយ ក្រសួងបរិស្ថាន អង្គការដៃគូមាន WWT, Birdlife និង Naturelife ដោយមានការផ្តល់ កិត្តិយសចូលរួមពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រក្រភពអង់គ្លេស និងថ្នាក់ដឹកនាំខេត្តកំពតជាច្រើនរូបទៀត៕