កសិដ្ឋានចិញ្ចឹមបង្កងដំណាក់កី គឺជាសិដ្ឋានមួយដ៍ធំ ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន កសិដ្ឋានមួយនេះកំពុងតែទទួលបានការគាំទ្រពីខណ្ឌរដ្ឋបាលជលខេត្ត និង ទទួលបានការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជនគ្រប់ទិសទី ។
លោក សំ ពិសី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលីដំណាក់កី បានបង្ហាញពីផែនការដ៍ធំមួយរបស់ខ្លួន ក្នុងការផ្គត់ផ្គង់បង្កងសាច់នៅលើទីផ្សារនៅក្នុងខេត្តនិងនៅក្រៅខេត្ត បន្ទាប់ពីការផលិតបង្កងពូជអូស្រ្តាលីទទួលបានជោគជ័យ និង ទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាកសិករនានានៅគ្រប់ទិសទីដែលជាអ្នកចិញ្ចឹមបង្កង ។
លោកថា ការចិញ្ចឹមសព្វថ្ងៃនេះគឺបង្កាត់ពូជដោយលក់ជាកូន និងមេបាពូជតែប៉ុណ្ណោះ ហើយនៅពេលខាងមុខនេះ និង វិវឌ្ឍន៍កសិដ្ឋានមួយនេះ ក្លាយជាកសិដ្ឋានក្នុងការផ្គត់ផ្គង់បង្កងសាច់ទូទាំងប្រទេស ហើយមានតម្លៃសមល្មម ។
លោក សំ ពិសី បានអំពាវនាវអោយប្រជាកសិករដែលមានបំណងចង់ចិញ្ចឹមបង្កង អាចមករៀនអំពីបច្ចេកទេសចិញ្ចឹមបង្កងពីកសិដ្ឋានរបស់គាត់ ហើយនាំគ្នាចិញ្ចឹមអោយបានច្រើនពិសេសគឺការលក់បង្កងសាច់ ព្រោះកាលណាប្រជាកសិករ ចិញ្ចឹមបានច្រើនប្រជាពលរដ្ឋយើងអាចទិញទទួលទានបានច្រើន និង មានតម្លៃសមរម្យផងដែរ ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅឆ្នាំ២០១៩ និង ឆ្នាំ២០២០នេះបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងមួយចំនួនបានងាកមកចាប់អារម្មណ៍ការចិញ្ចឹមបង្កង តាមគ្រួសារច្រើនដែលនេះជាចំណុចមួយដ៍ល្អសម្រាប់វិស័យវារីវប្បកម្មរបស់យើង ហើយខាងខណ្ឌរដ្ឋបាលជលសូមធ្វើការគាំទ្រនិងលើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋចិញ្ចឹមបង្កង ខាងជំនាញនឹងផ្តល់នូវបច្ចេកទេស នៃការចិញ្ចឹម ។
គួរបញ្ជាក់ថា បច្ចប្បន្ននេះនៅខេត្តកំពង់ឆ្នាំង មានកសិដ្ឋានចិញ្ចឹមបង្កអូស្រ្តាលីសម្រាប់ការផ្តត់ផ្គង់កូនបង្កង និង មេបាបង្កងមានចំនួន៨កសិដ្ឋាន ៕