ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អំពាវ​នាវ​ដល់​កងទ័ព​ឲ្យបន្ត​ថែរក្សា​សន្តិភាព និង​រារាំង​​អ្នកនយោ​បាយអគតិ ដែល​ចង់​បង្កឲ្យ​មានភ្លើង​សង្គ្រាម​ឡើង​វិញ

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេម​រភូមិន្ទ មេបញ្ជាការកងទ័ពជើ​ងគោក បានអំពាវនាវដល់កម្លាំ​ងកង​ទ័ពទាំង​អស់ត្រូវ​ប​ន្តចូលរួម​ថែរក្សា​​សុខសន្តិភាព និងត្រូវរារាំងកុំឲ្យអ្នកន​យោបាយ​អគតិណាមួយ មានឱកាសមកបំផ្លាញ​សុខ​សន្តិ​ភាព និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត។ ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ដូចនេះ បានធ្វើឡើងនៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់ អគារទីបញ្ជាការ អគារ​ស្នាក់នៅ អគារសា​លប្រជុំ អគារកងអ​នុសេនា​តូចព្រំដែន និង​សមិទ្ធផ​ល​នានា របស់តំបន់ប្រតិបត្តិការសឹករង​តាកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

    បន្ថែមពីលើការអំពាវនាវបន្តថែរក្សាសន្តិភាពនៅក្នុងពិធី​សម្ពោធនោះ ឯកឧត្តម ឧត្តមសេនី​យ៍ឯក ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលតែងតែ​ក្រើន​រំលឹក និងជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត អោយ​​គិតគូរ​ចំពោះ​​​សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើ​ការកៀរ​គរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើ​កស្ទួយ​ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា កាយវិការនិងទឹកចិត្តដ៏ប្រពៃនេះរបស់លោក​ទាំងពីរ​គឺជាការ​តប​ស្នងសង​គុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាម​ស្រស់ នៅលើសមរភូមិជាច្រើន ក្នុងសម័យកាល​ដែលប្រទេសយើងឆ្លងកាត់សង្គ្រាម ដើម្បី​នាំមក​នូវសុខសន្តិភាពពេញលេញ បរិបូរណ៍ ដូច​ពេលបច្ចុប្បន្ន និងមិនដែលធ្លាប់កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជានា​ពេលជាង៥០០ឆ្នាំ​ចុងក្រោយនេះ។

    ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  ក៏អរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ដែល បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺ-១៩ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។ ជាពិសេសគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែលបានបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ដោយបានធ្វើ​ការសម្រេច​ចិត្តជាយុទ្ធសាស្ត្រ តាមរយៈការវាយតម្លៃស្ថានការណ៍ និងពិចារណា វិនិច្ឆ័យ ហ្មត់​ចត់ គ្រប់ជ្រុងជ្រោយ អារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង ការបើ​កយុទ្ធ​នាការជាតិ​ចាក់វ៉ាក់សាំង និងការថែទាំព្យាបាល នៅទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិត​ប្រជាជនទាំងខ្មែរ និងបរទេស ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណា​មួយទ្បើយ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង