ពលរដ្ឋ​នៅ​ស្រុក​ទឹក​ផុស ២នាក់​​បាន​ស្លាប់​​និង​១១​នាក់ទៀត​​មាន​​អាការ:​​ធ្ងន់​និង​ស្រាល​សង្ស័យ​ពុល​ថ្នាំ​បាញ់​ឪឡឹក​

  • កំពង់ឆ្នាំង៖ អ្នកភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ចំនួន​២នាក់​បាន​ស្លាប់និង១១ នាក់ទៀតមានអាការ:ធ្ងន់ និង ស្រាល បន្ទាប់​ពីពួក​គាត់​ទៅ​ច្រូតស្រូវ ហើយ​ហូបបាយ​ និង​ផឹក​ទឹក​អណ្តូង​ដៃ​ជាមួយ​គ្នា ។

    ប្រភពពីអ្នកភូមិ​ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកភូមិជី​ប្រងមួយ​ក្រុមមា​នគ្នាប្រមា​ណជាង​១០នាក់ បាន​ទៅ​ច្រូត​ស្រូវ​នៅចំណុច​អូររូង ស្ថិត​នៅ​ខាងត្បូង​ភូមិ ។ នៅក្នុងពេល​ហូបបាយរួច​ ក៏បាន​ផឹក​ទឹកអណ្តូង​ដៃ​ជា​មួយ​គ្នា ក្រោយ​ពីហូប
    រួច​រយៈ​តែប៉ុ​ន្មាន​ម៉ោងក្រោយ​មក ក៏ស្រាប់​តែ​មានអាការៈ​ ឈឺក្បាល វិលមុខ ​តឹងទ្រូង​ ថប់ដង្ហើម និង​ ក្អួត ចង្អោរ​យ៉ាងខ្លាំង​ ។​

    ប្រភពដដែល​ បានឲ្យដឹងទៀតថា ក្រោយ​ពីអ្នកភូមិ​មានអាការៈ​បែបនេះ មន្ត្រីអាជ្ញាធរមូលដ្ឋាន បាន​ចុះ​អន្តរា​គមន៍​និង​ទាក់ទង​ហៅរថយន្ត​សង្គ្រោះ ដឹកប្រជាពលរដ្ឋមកកាន់មន្ទីរពេទ្យផងដែរ ។

    លោកវេជ្ជ​បណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បាន​ឲ្យដឹង​ថា អ្នក​ពុលដែលបានបញ្ជូនមកកាន់មន្ទីរពេទ្យ​មាន​ចំនួន​១៣នាក់ ស្រី៨នាក់ប្រុស៥នាក់ មានអាយុពី៤ឆ្នាំដល់៥៣ឆ្នាំ។ ក្នុងចំណោម១៣នាក់នេះ ស្លាប់២នាក់ និងមានសភាព​ធ្ងន់១នាក់ប្រុស ។ ក្រៅពីនេះមានសភាពស្រាលដោយគ្រាន់តែឈឺក្បាល ក្តៅខ្លួនតិចតួចប៉ុណ្ណោះ ។

    បើតាមការសន្និដ្ឋានជំហ៊ានដំបូង ពីមន្ត្រីជំនាញ​និងអាជ្ញាធរ​មូលដ្ឋាន ករណី​នេះអាច​បណ្តាលមក​ពីការពុលថ្នាំ​បាញ់ដំណាំ​ឪឡឹក​ ដែល​មាន​ចំការ​ស្ថិតនៅក្បែរ​អណ្តូងដៃ ដែល​ប្រជាពលរដ្ឋនាំគ្នា​ទៅដង​យកម​ក​ហូប​នោះ​ ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង