អភិបាលខេត្តកំពង់ឆ្នាំង ប្រាប់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន​ រួមសហការបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ

  • ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង បាន​​កំណត់​ឲ្យមន្ត្រី​ជំនាញ និងអាជ្ញាធរ​មូលដ្ឋាន​រួ​ម​សហការ​​គ្នាយក​ចិត្តទុក​ដាក់​បង្ការ​ ទប់​ស្កាត់​​​ កុំឲ្យ​​មាន​​ភ្លើង​ឆេះ​​​ព្រៃ​​នៅ​​​ក្នុង​​រ​ដូវ​​ក្ដៅ​​នេះ​ ក្នុងភូមិសាស្ត្រខេត្តកំពង់​ឆ្នាំង​។ ការកំណត់របស់ឯកឧត្តមអភិបាល​ខេត្ត​ដូចនេះ បាន​ធ្វើ​ឡើង​នៅកិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផលការងារ​ប្រចាំខែមករាឆ្នាំ២០២០ និង លើកទិសដៅ​អនុវត្តបន្តរបស់​គណៈបញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង​ នាព្រឹក​ថ្ងៃទី​២៣​ ខែមករា​ ឆ្នាំ២០​២០។​​

    ក្រៅពីណែនាំអោយ​មន្ត្រីជំនាញ​យកចិត្តទុក​ដាក់​ជាមួយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ​ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ កង​កំលាំង​គ្រប់​ប្រភេទ​ អភិបាល​ក្រុង ​ស្រុក​ ត្រូវ​ធ្វើ​ការរៀប​ចំ​សណ្តាប់​ធ្នាប់​ សន្តិសុខ​ក្នុង​មូលដ្ឋាន​ រួមមាន បញ្ហា​ក្មេង​ទំនើង​ បញ្ហា​គ្រឿង​ញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ជាពិសេស​ការជួយសង្គ្រោះ​ស្រូវ​ប្រាំង​របស់ប្រ​ជាកសិករ​នៅតាម​តំបន់​មួយ​ចំនួន​ដែលកំពុង​ខ្វះ​ទឹក​ជាដើម​ ។

    គួរបញ្ជាក់ថា ក្នុងពិធី​​សម្ពោធ និងប្រកាស​ដាក់ឲ្យដំណើរ​ការ​ជាផ្លូវការនូវ អង្គភាពច្រក​ចេញ​ចូលតែមួយ និងការិយាល័យ ប្រជា​ព​លរដ្ឋ​រាជធានី​-ខេត្ត ​នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានប្រាប់ទៅកាន់អភិបាលខេត្តទាំងឡាយណា ដែល​​​​មាន​ព្រៃឈើ​ច្រើន ត្រូវយក​ចិត្តទុក​ដាក់​បង្ការ ទប់ស្កាត់ កុំឲ្យ​មានភ្លើងឆេះ​ព្រៃនៅក្នុង​រដូវក្ដៅ​នេះ។ ​សារ​អំពាវនាវរបស់​សម្ដេច​ក្រឡា​ហោម ស ខេង នេះធ្វើឡើងបន្ទាប់​ពី​មើល​ឃើញ​ពី​ផល​លំបាក ​ដោយសារ​តែភ្លើងឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ដ្រាលី ​កាល​ពី​ពេលថ្មី​ៗ​នេះ ដែល​ធ្វើ​ឲ្យ​បាត់បង់​អាយុ​ជីវិត​មនុស្ស ​សត្វ ​និងខាត​បង់ថវិកា​អស់ជា​ច្រើន​លាន​ដុល្លារ​៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង