កំពង់ឆ្នាំង៖ នៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស កម្លាំងកងរាជអាវុធហត្ថស្រុក បានចុះឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវមួយគ្រឿង ស្លាកលេខតាកែវ 3A-1417 ដែលបានដឹកជញ្ជូនអនុផលព្រៃឈើប្រភេទអុសស្ទែរចម្រុះចំនួនប្រមាណ១៥ ម៉ែត្រគូប ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា អ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយឡែកបច្ចុប្បន្នរថយន្តនិងវត្ថុតាងត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ខែកក្កដានេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ថា ប្រតិបត្តិការចុះឃាត់រថយន្តដឹកឈើខាងលើ ដឹកនាំដោយលោកវរសេនីយ៌ត្រី ឌិន សំបុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកផុស រួមនឹងកម្លាំងកងរាជអាវុធហត្ថស្រុកមួយចំនួនទៀត៕












