ស្របគ្នាដែលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤១ នៃថ្ងៃជ័យជម្នះ ៧មករា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលអបអរសាទរខួបលើកទី ៤១ នៃថ្ងៃជ័យជម្នះ ៧ មករា ដោយបានបង្ហោះសារនៅក្នុងហ្វេសបុកផ្លូវការ របស់សម្តេចផងដែរនៅថ្ងៃនេះ។
ក្នុងសារដែលបានបង្ហោះនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពី៤១ ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត រង់ចាំតែថ្ងៃស្លាប់មកដល់តែប៉ុណ្ណោះ។ ប៉ុន្តែ ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍ រីកចម្រេីន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិសារជាថ្មីផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ របបព្រៃផ្សៃនេះ គឺបានធ្វើអោយជីវិតមនុស្សរាប់លាននាក់ត្រូវបានបាត់បង់ជីវិត ហើយប្រទេសជាតិវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
ក្នុងខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា សម្តេចតេជោ ក៏សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕