ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹក ភ្លៀង១៨១គ្រួសារនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

  • កំពង់ឆ្នាំង ៖ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង សហការី រួមជាមួយឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ឯកឧត្តមអម សុភា ប្រធានគណ:កម្មាធិការសាខា ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និង ជនងាយរងគ្រោះចំនួន១៨១គ្រួសារ រស់នៅ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

    ក្នុងឱកាសនោះលោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋទាំងអស់ដោយមនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។

    ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជា ពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជា និច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត « រស់នៅធម្មតា តាមបែបគន្លងថ្មី » ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល ។ ជាមួយគ្នានេះ សូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើម៉ាស់ ឬក្រមា ដើម្បីការពារការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរបេង និង បានសំណូមពរដល់ស្ត្រីកំពុងមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដងមុនពេលសម្រាលនិងស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតសម្រាលកូនឱ្យបានត្រឹមត្រូវ ។

    បន្ថែមលើនេះដែរ លោកជំទាវ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាព ឱ្យបានល្អ និង ត្រូវរស់នៅ ដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ។

    សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវចែកជូនដល់ប្រជាពលរដ្ខទាំង១៨១គ្រួសារនាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម,មី១កេស,ត្រីខ១០កំប៉ុង,ឃីតមួយកញ្ចប់ ( មុង១ ភួយ១ សារ៉ុង១ ក្រមា១ និង អាវយឺត១ )

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង