នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន​ ​នឹង​មកបំពេញទស្សន​កិច្ចផ្លូវការ​លើកដំបូង​នៅកម្ពុជា នាថ្ងៃស្អែក

  • ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ស្អែកនេះ តបតាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

    បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា នៅមណ្ឌបព្រះបរមរូប។

    ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ មានជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ជំនួបនេះគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

    កម្ពុជា និងថៃក៏នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ “មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

    ក្រៅពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែក ចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនិងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ផងដែរ។

    គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា នាពេលនេះរំពឹងថា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង