កំពង់ឆ្នាំង ៖ នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៨ តុលានេះ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានប្រាប់ទៅអាជ្ញាធរក្រុងកំពង់ឆ្នាំង និង មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលនៅសេសសល់កំពុងរស់នៅតាមផ្ទះបណ្តែតទឹកតាមដងទន្លេ ត្រូវតែធ្វើការបំលាស់ទីផ្ទះបណ្តែតទឹករបស់ខ្លួន ចួលមករស់នៅលើទីតាំង ដែលអាជ្ញាធរខេត្តបានកំណត់ ជាកំហិតដោយមិនឲ្យអូសបន្លាយពេលបន្តទៀតនោះឡើយ ។
ឯកឧត្តមបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ មិនអនុញ្ញាតឲ្យមានផ្ទះបណ្តែតទឹក រស់នៅលើដងទន្លេទៀតនោះឡើយ ព្រោះថា ការរស់នៅរបស់ពលរដ្ឋនៅលើផ្ទះបណ្តែតទឹក បានធ្វើឲ្យប៉ះពាល់បរិស្ថានដោយសារការទម្លាក់កាកសំណល់រឹងរាវចូលក្នុងទឹក ជាពិសេសការធ្វើអាជីវកម្មលក់ប្រេង និង បញ្ចូលអាគុយ ជាដើម។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើបំលាស់ទីផ្ទះបណ្តែតទឹកនេះ អាជ្ញាធរខេត្តបានចាប់ផ្តើមរៀបចំតាំងពីអំឡុងឆ្នាំ២០១៥ មកម្លេះ ដែលយើងបានអនុវត្តជាជំហានៗ ច្រើនដំណាក់កាល ។ បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនធំបានគោរពតាមកែណែនាំរបស់អាជ្ញាធរខេត្តហើយ នៅសល់តែមួយចំនួនតូវប៉ុណ្ណោះ ។ នៅពេលនេះ ដល់ដំណាក់កាលដែលត្រូវបញ្ចប់ហើយមិនត្រូវអូសបន្លាយពេលតទៅទៀតឡើយ អ្នកដែលមិនទាន់បានធ្វើបំលាស់ទី ត្រូវឲ្យគាត់មករស់នៅទីតាំងថ្មី ជាដីដែលខេត្តបានរៀបចំឲ្យ និង មានការអនុញ្ញាតពីរាជរដ្ឋាភិបាល ។
ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលនេះទីតាំងថ្មីដែលរៀបចំនេះ គឺបានកំពុងដំណើរការនៃការអភិវឌ្ឍន៍ជាដំណាក់កាល ដូចជាផ្លូវ ភ្លើង និង ទឹក ដែលបង្ករលក្ខណងាយស្រួលជូនពលរដ្ឋក្នុងពេលមករស់តំបន់ថ្មីនេះផងដែរ ៕