រយៈពេល​​​បី​ថ្ងៃ​នៃពិធី​បុណ្យភ្ជុំបិណ្ឌ​ រមណីយដ្ឋាន​​ទំនប់​​ទឹក​គង្គា ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​ជិត​២ម៉ឺ​ននាក់​

  • កំពង់ឆ្នាំង ៖ រយះពេល៣ថ្ងៃនៃពិធីបុណ្យភ្ជបិណ្ឌរមណីយដ្ឋានទំនប់ទឹកគង្គា មានភ្ញៀវទេសចរណ៍មកលេងចំនួន១៩ ៦៥០នាក់ ។ នេះបើតាមការ បញ្ជាក់​​ឲ្យដឹងពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។

    លោក សេង សាលី បានឲ្យដឹងថា រមណីយដ្ឋានទំនប់ទឹកគង្គារ ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជំបិណ្ឌនេះមាន ភ្ញៀវទេសចរណ៍​មក​លេង​ច្រើន​រហូត​ដល់​ជិត២ម៉ឺននាក់។ ក្នុងនោះនៅថ្ងៃទី១៦ កញ្ញា មានភ្ញៀវមកលេងចំនួន៥ ៨៩០នាក់ ថ្ងៃទី១៧ កញ្ញា មានភ្ញៀវទេសចរណ៍មកលេងចំនួន៧ ៨០០នាក់ និង នៅថ្ងៃទី១៨ កញ្ញា មានភ្ញៀវទេសចរណ៍មកលេងចំនួន៥ ៩៦០នាក់ ។

    សូមបញ្ជាក់ថា ទំនប់ទឹកគង្គា គឺជាប្រព័ន្ធធារាសាស្រ្តមួយ ដែលរាជរដ្ឋាភិបាលបានជួសជុលកែលម្អ សម្រាប់រក្សាទឹកស្រោច​ស្រព​ដំណាំ​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ។ ទំនប់មួយនេះមាន ទីតាំង ស្ថិត ក្នុង ភូមិ គោក ពួច ឃុំ តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ១០៥ គីឡូម៉ែត្រពី រាជ​ធានីភ្នំពេញនិងមានចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។

    បើតាមការអះអាងរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក្រៅពីមានប្រយោជន៍ សម្រាប់ រក្សាទឹកស្រោចស្រពដំណាំស្រូវ ទំនប់គង្គាក៏ជាកន្លែងមុជទឹក កម្សាន្តមួយដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសគឺ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលមានភ្ញៀវទេសចរណ៍មកលេងច្រើន ។

    ទំនប់ទឹកគង្គាឬប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំងជាង ៦០ហិកតា និងស្រូវវស្សាជាង ១២ ០០ ហិកតា ។ បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រនេះ បានឋិតនៅក្រោមការថែទាំជាប្រចាំរបស់មន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង។ ទំនប់គង្គាបានកសាង​ឡើង​នៅក្នុង​អំឡុងឆ្នាំ ១៩៧៦ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម) ដែល គេ ហៅថា « ទំនប់ តំបន់ » ប៉ុន្តែទំនប់មួយនេះបាន រងការ​ខូច​ខាត ដោយសារសង្រ្គាម ទើបរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាលបានធ្វើការ ជួសជុលកសាងទំនប់នេះឡើងវិញ ដើម្បីជា ប្រយោជន៏ទប់ទឹកស្រោចស្រពស្រូវស្រែប្រាំង និងស្រូវស្រែវស្សារបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង