កំពង់ឆ្នាំង ៖ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិង ជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់វិធានការមួយចំនួនដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចឲ្យបង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ពិសេសនៅតាមរមណីយដ្ឋាន កន្លែងកំសាន្ត និង ទីប្រជុំជននានាក្នុងខេត្ត ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះឲ្យបានល្អ។
ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកទៅកាន់មន្ត្រីអាជ្ញាធរនិងសមត្ថមិច្ចបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពរយ:ពេល៩ និង លើកទិសដៅការងារសម្រាប់អនុវត្តបន្ត កាលពីព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២០ ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ មាន ប្រជាពលរដ្ឋជាច្រើន បានមកស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ ការធ្វើដំណើរកំសាន្តទៅកាន់រមណីយដ្ឋាននិង ទីអារាមនានាជាច្រើន ដូចនេះបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាកត្តាសំខាន់ ដែលអាជ្ញាធរមូលដ្ឋាននិងសម្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានា ឲ្យប្រជាពលរដ្ឋគ្រប់រូប និង សង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងកម្មវិធីបុណ្យនានា ក្រុមជនខិលខូចតែងតែបានរកគ្រប់វិធីល្បិចកល ដើម្បីធ្វើសកម្មភាពបង្កអសន្តិសុខក្នុងសង្គម ដូចនេះមន្ត្រីអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចត្រូវដាក់កម្លាំងល្បាត និង ការពារឲ្យបានច្រើន នៅតាមវត្ត ទីផ្សារ រមណីយដ្ឋាន និង កន្លែងកំសាន្តនានា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសទាំងនេះ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សណ្តាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយដែលទាមទារឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ធ្វើការរៀបចំ ធ្វើយ៉ាងណាកុំឲ្យតាមទីប្រជុំជនមានការកកស្ទះដោយការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ៕