ឃាត់ខ្លួនជនសង្ស័យម្នាក់ និងសង្រ្គោះនារីរងគ្រោះ៦នាក់ ក្នុងករណីបង្រ្កាបអំពើសញ្ចារកម្ម នៅ២ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ

  • កម្លាំងការិយាល័យ​ប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បាន​​ធ្វើការ​ឃាត់​​ខ្លួន​ជន​​សង្ស័យ​​ម្នាក់ និងបានសង្គ្រោះនារីរងគ្រោះចំនួន ០៦នាក់ ក្នុងករណីបង្រ្កាបអំពើសញ្ចារកម្ម ដោយនាំ​នារីក្មេងៗ​ឲ្យរួមភេទ​ជាមួយ​ភ្ញៀវនៅ​តាម​ផ្ទះ​សំ​ណាក់​ និង​សណ្ឋាគារ ​នៅ២​ទីតាំង​ផ្សេងគ្នា​​នៅរាជធានី​ភ្នំពេញ​។

     

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានអោយដឹងថា ប្រតិបត្តិការទី១ បានធ្វើឡើង នៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវ​លេខ​១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កេត រតនៈ ហៅ អា​ហ្សា​ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងសង្រ្គោះនារីរងគ្រោះបានចំនួន ០២នាក់ ។

    ដោយឡែក ប្រតិបត្តិការទី២ ធ្វើឡើងនៅ​ចំណុច​ផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) ផ្លូវលេខ១០០៣ កែង​ផ្លូវបេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ដោយបានសង្រ្គោះ នារីរងគ្រោះបាន ចំនួន ០៤នាក់ ក្នុងនោះមាន២នាក់ជាអនីតិជន។

    ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ  បានអោយ​ដឹងទៀត​ថា ប្រតិបត្តិខាង​លើទាំង​ពីរ បាន​ធ្វើឡើង​នៅវេលា​ម៉ោង៣រសៀល​ ថ្ងៃទី​០៦ ខែ​កុម្ភះ ឆ្នាំ២០​២០ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំងការ​ជួញ​ដូរ​មនុស្ស ​និងការពារអនីតិជន អនុវត្តតាម​ចំណារអនុញ្ញា​តិឲ្យបង្ក្រា​ប​ជាក់ស្តែង​លេខ ០១០ អ.យ.វ ចុះ​ថ្ងៃទី០៥ ខែកុម្ភះ​ ឆ្នាំ២០២០ របស់​លោក សេង ហៀង ព្រះរាជអាជ្ញា​រងអមសាលា​ដំបូង​រាជធានី ​ភ្នំពេញ។​

    គួរបញ្ជាក់ថា បច្ចុប្បន្នការិយាល័យ​ប្រឆាំងការជួញដូរ​មនុស្សនិង​ការពារអនីតិជន បានកសាងសំណុំរឿង និង​បញ្ជូន​ជន​សង្ស័យ​ទៅកាន់​សាលា​ដំបូង​រាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន ០៦នាក់ ប្រគល់​ជូនមន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិ​សម្បទា​រាជធានីភ្នំពេញ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង