រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើពិធីក្រុងពលីសាងសង់សួនច្បារ និង រូបសំណាកព្រះគោព្រះកែវ នៅតាមផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវវាងស្រុកឧត្ដុង្គ

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីក្រុងពលីសាងសង់សួនច្បារ និងរូបសំណាកព្រះគោព្រះកែវ តាមផ្លូវជាតិលេខ៥ នៅចំណុចព្រំប្រទល់ជាមួយស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ (ផ្លូវវាងក្រុងឧត្ដុង្គ) ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និង ឯកឧត្ដមតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និង ដឹកជញ្ជូន និងមានការនិមន្តចូលរួមពីព្រះសង្ឃ និងចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព តំណាងក្រុមហ៊ុន វិស្វករជប៉ុន ថ្នាក់ដឹកនាំស្រុក និង អាជ្ញាធរមូលដ្ឋាន ។

    សូមបញ្ជាក់ថា រូបសំណាកព្រះគោព្រះកែវដែលគ្រោងសាងសង់ មានកម្ពស់ ៩,២ម៉ែត្រ (រួមទាំងជើងទម្រ) និង មានទទឹង ១២ម៉ែត្រ រំលេចដោយក្បូរក្បាច់រចនាតាមក្បួនខ្នាតស្ថាបត្យកម្មត្រឹមត្រូវ សាងសង់ដើម្បីរំលឹកពីប្រវត្តិសាស្ត្រក្រុងលង្វែក និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវជាតិលេខ៥ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងជួសជុល ស្ដារឡើងវិញ ក្រោមជំនួយរបស់រដ្ឋាភិបាល និង ប្រជាជនជប៉ុន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង