«យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅរាជធានីនិងខេត្តទូទាំងប្រទេសបានបង្ហាញថាស្ថានភាពភាពគុណភាពខ្យល់បាននិងកំពុងវិលមករកភាពប្រសើរឡើងវិញហើយដែលកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅស្ថិតក្នុងរង្វង់ស្តង់ដារ។ ក្រុមមន្ត្រីជំនាញផ្នែកគុណភាពខ្យល់ក្រសួងបរិស្ថាននៅតែបន្តតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើមានការវិវឌ្ឍថ្មីៗយ៉ាងណា ក្រសួងនឹងជូនដំណឹងជូនដល់ប្រជាពលរដ្ឋបានជ្រាប»។ នេះគឺជាការប្រកាសរបស់ក្រសួងបរិស្ដាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០នេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា យោងតាម របាយការណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសរហូតមកដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា កំហាប់ភាគល្អិតនិចលក្នុងខ្យល់មានការធ្លាក់ចុះតំបន់ខ្លះធ្លាក់មកក្រោមស្តង់ដារកំណត់ និងកន្លែង ខ្លះធ្លាក់មកក្នុងរង្វង់ស្តង់ដារកំណត់។ ការធ្លាក់ចុះនៃកំហាប់ភាគល្អិតនិចលនេះគឺដោយសារតែមានកិច្ច ខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមអប់រំ ផ្សព្វផ្សាយពីវិធានការចាំបាច់នានា។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថានេះគឺជាដំណឹងដ៏ ល្អដែលនឹងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋលើគុណភាពខ្យល់នៅកម្ពុជា។ ឯកឧត្តមបានថ្លែងថា ទោះបីជា ពេលនេះ កំហាប់ភាគល្អិតនិចលដែលមានទំហំតូចជាងសសៃសក់ ១០ដងទៅទៀតមានការធ្លាក់ចុះ ហើយស្ថានភាពគុណភាពខ្យល់ជារួមមានការប្រសើរឡើងក៏ពិតមែន ប៉ុន្តែមន្ត្រីជំនាញនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថាននៅតាមបណ្តារាជធានីខេត្តទាំងអស់នៅតែបន្តតាមដាន និងចាត់វិធានការតាមការណែនាំរបស់ក្រសួងជាប្រចាំដើម្បីធានាថាស្ថានភាពគុណភាពខ្យល់មានគុណភាពល្អប្រសើរឡើងវិញ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះ ព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។
ដោយពិនិត្យ ឃើញ នូវបញ្ហា បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរបរិស្ថាន រាជធានីខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិអនុវត្តវិធានការ មួយចំនួន រួមមាន ១)ត្រូវចាត់វិធានការទប់ស្កាត់ភ្លើង ឆេះ ព្រៃ និងការដុត សំរាម សំ ណល់រឹងនៅតាមទីចំហ ការឆេះ នៅ តាម ទីលាន ចាក់ សំរាម។ ២) ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការ ដ្ឋាន សំណង់ និង ការដ្ឋានកែលម្អហេដ្ឋា រចនា សម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣) សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ។ ៤)ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និង សំណល់ កសិកម្មផ្សេងៗទៀត។
ជាមួយគ្នានេះ ដើម្បីការពារសុខភាពឱ្យបានជៀសផុតពីការបំពុលជាយថហេតុណាមួយ រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រាបានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នកដែលធ្វើការនៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្តបន្ទាប់នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នេះដើម្បីបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការអនុវត្តវិធានការការពារឱ្យបានទាន់ពេលវេលា៕