កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង រួមនិងជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត បានចុះត្រួតពិនិត្យនិងលើកព្រំបោះបង្គោលការពារទីទួលប្រាសាទសក្ល(ហៅប្រាសាទប្រុស) ដែលមានទីតាំងនៅភូមិសាស្រ្តភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ការចុះត្រួតិនិត្យនិងបោះបង្គោលព្រំការពារនេះធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋយកគ្រឿងចក្រ ទៅភ្ជួរដីស្រែនៅក្បែរទីទួលប្រាសាទនេះ ។
សូមបញ្ជាក់ថា ប្រាសាទប្រុសឬប្រាសាទសក្ល មានទីតាំងស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចំងាយ២គីឡូម៉ែត្រ ពីប្រាសាទស្រី។ ប្រាសាទប្រុសមានទីតាំងស្ថិតនៅកណ្តាលវាលស្រែ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
ប្រាសាទនេះត្រូវបានសាងសង់បន្ថែមនូវជណ្តើរឡើង និង កំពូលប៉មដែលសាងពីស៊ីម៉ង់។ បើមើលតាមរចនាបទក្នុង ការសាងសង់ ប្រាសាទប្រុសត្រូវបានគេសាងសង់ដំណាលគ្នានឹងប្រាសាទស្រី ក្នុងសតវត្សទី៨ នៃរចនាបទប្រាសាទកំពង់ព្រះ។
ប្រាសាទប្រុសមានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី ហើយកសាងអំពីឥដ្ឋក្រហម ដែលមានផ្តែរចម្លាក់ពីថ្មភក់ តែត្រូវធ្លាក់បាក់បែកចេញពីប្រាសាទទៅហើយ។