ផ្ទះចំនួន១០ ខ្នងដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ កញ្ញាម្សិលមិញ។
ក្នុងពិធីប្រគល់ផ្ទះជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការប្រគល់ផ្ទះជូនអតីតយុទ្ធជននេះ បានអនុវត្តជាច្រើនមកហើយ និងកំពុងបន្តសាងសង់ជាបន្តបន្ទាប់តបទៅនឹងតម្រូវការនៅទូទាំងប្រទេស គឺជាគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេច តែងបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា យ៉ាងណាក៏ដោយ ការប្រគល់ផ្ទះគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះ លើសពីនេះគឺនៅមានគោលការណ៍ និងយន្តការជាច្រើនផ្សេងៗទៀត ដែលសម្តេចបានខិតខំសម្រេចបានសម្រាប់អតីតយុទ្ធជន ជាអាទិ៍ ការដំឡើងប្រាក់បៀវត្ស ព្រមទាំងការជួយទំនុកបម្រុងគ្រប់បែបយ៉ាង ដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា ក្រៅពីការប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក៏បាន ផ្តល់អំណោយដល់គ្រួសារអតីតយុទ្ធជនចំនួន ៤០ គ្រួសារផងដែរ ៕














