កំពង់ឆ្នាំង ៖ អនុគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៧ ខែកកញ្ញា ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ នៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។
លោក ឆាយ លាភា ប្រធានមន្ទីរសារធាណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន និង ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានច្រើនក្នុងពិធីបុណ្យជាតិធំៗ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និង អប់រំអំពីសុវត្ថិភាពចរាចរណ៍ នៅតាមចំណតរថយន្ត ទីប្រជុំជន និង ផ្លូវជាតិសំខាន់ៗស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និង ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដើម្បីធានាអោយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុត ។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍អាចនឹងកើនឡើងខ្ពស់ក្នុងឱកាស នៃពិធីបុណ្យជាតិធំៗ ដោយសារក្នុងពេលនេះ កំណើននៃការប្រើប្រាស់ផ្លូវមានច្រើន ។ ដូច្នេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និង ទប់ស្កាត់ការបាត់បង់អាយុជីវិតរបស់ប្រជាពរដ្ឋដែលបង្កឡើងដោយកត្តាហានិភ័យនេះ។
នៅក្នុងឱកាសនោះ អនុគណកម្មការសុវត្ថិភាពចរាចរណ៍ បានផ្តល់សំណួរដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយយក មួកសុវត្ថិភាពផងដែរ ប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រូវចំនួន៦០មួកផងដែរ ៕