លោក ឯក សារុន និង ភរិយា ជាម្ចាស់អគារ៦ជាន់ ដែលបានបាក់រលំនៅក្រុងកែប ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទុកហើយ ដើម្បីសាកសួរ ពីការសាងសង់សំណង់នេះ។ នេះបើតាមការអោយពីអាជ្ញាធរខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
ដោយឡែក ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នរូបនីយកម្ម និងសំណង់ ក៏បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យអគារ របស់លោក ឯក សារុន និងត្រួតពិនិត្យលក្ខណសម្បត្តិរបស់អ្នកសាងសង់។ គណៈកម្មការនេះមានលោក ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី ជាប្រធាន ដោយអមជាមួយអនុប្រធាន១នាក់ និងសមាជិក៩នាក់។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ក៏បាន អញ្ជើញបន្តចុះពិនិត្យ និងបញ្ជាប្រតិបត្តិការសង្គ្រោះ និងរុករកអ្នកដែលបាត់ខ្លួននៅក្នុងគំនរបាក់បែក នៃការបាក់រលំអគារដែលកំពុងសាងសង់ កម្ពស់៦ជាន់ នៅក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ផងដែរ។
គិតត្រឹមព្រឹកម៉ោង១១៖០០ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារ ដែលបាក់រលំ មានចំនួន ២៥នាក់ហើយ ក្នុងនោះ ៧នាក់បានស្លាប់ និងរងរបួសមាន១៨នាក់៕ អត្ថបទ៖ សីហា ,រូបភាព៖ akp