កំពង់ឆ្នាំង ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង (ក.ប.ប. ) សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យ សុវត្ថិភាពផលិតផល ម្ហូបអាហារ នៅផ្សារលើខេត្តកំពង់ឆ្នាំង ។
លោកប្រធានសាខា បានអោយដឹងថា នៅក្នុងបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សមត្ថកិច្ច(ក.ប.ប) បានចុះពិនិត្យ សុវតិ្ថភាពចំណីអាហារជាច្រើនមុខដូចជា អាហារកំប៉ុង ឥវ៉ាន់វេចខ្ចប់ សាដកប្រគេនព្រះសង្ឃ និង ម្សៅទឹកដោះគោសម្រាប់បំបៅក្មេងឈ្មោះ Nutrillatt ដែលបានហាមចរាចរណ៍លើទីផ្សារ ។ ព្រមទាំងរកមើលសារធាតុគីមីហាមឃាត់ដែលដាក់លើបន្លែ សាច់ ត្រីហើម ដែលសារធាតុគីមីទាំងនេះទុកបានយូ បន្លែមានភាពស្រស់បានយូ ប៉ុន្តែវានឹងធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ បង្ករអោយទៅជាឈឺក្បាល វិលមុខ រាគ ក្អួតចង្អោរជាដើម ។
លោក យីវ ណារិន ប្រធានសាខាសាខា បានអោយដឹងថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាថ្ងៃនេះ បានល្អប្រសើ ទំនិញដែលកំពុងដាក់លក់គឺមានសុវត្ថិភាពល្អ ចំពោះការធ្វើតេស្តរកសារធាតុគីមីហាមឃាត់នៅលើបន្លែ ដែលអាជីវករដាក់លក់នៅផ្សារលើនេះ ពុំមានសារធាតុគីមីនោះទេ ។ ជាមួយនេះ បានរកឃើញម្សៅទឹកដោះគោ Nutrillatt ចំនួន៥០កំប៉ុង ដែលម្ចាស់រក្សាទុកឲ្យក្រុមហ៊ុន ។ ដោយមិនអោយម្សៅទឹកដោះគោនេះធ្វើចរាចរណ៍លក់លើទីផ្សារដោយមិនបានគោរពតាមលក្ខណ្ឌដែលក្រសួងបានណែនាំ ។
លោកប្រធានបានណែនាំអោយម្ចាស់អាជីវកទាំងអស់ត្រូវលក់ទំនិញដែលមានគុណភាពល្អឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីធានាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ៕