អភិ​បាល​ខេត្តកំពង់​ឆ្នាំង ប្រគល់​Tablet ចំនួន​៧០​គ្រឿង ដល់ឃុំ​សង្កាត់ សម្រាប់​ប្រើប្រាស់ក្នុង​កម្មវិធី​អត្តសញ្ញាណ​កម្មគ្រួសារ​ក្រីក្រ តាម​ការ​ស្នើសុំ​

  • កំពង់ឆ្នាំង៖ តាប្លេក(Tablet) ចំនួន៧០គ្រឿង គាំទ្រដោយអង្គការ UNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីអត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើសុំក្នុង​អំឡុងកូវីដ១៩​នេះ ត្រូវបានប្រគល់​ជូនដល់​អាជ្ញាធរឃុំ សង្កាត់​ទាំង៧០​របស់​ខេត្តកំពង់​ឆ្នាំង ។ ពិធី​ប្រគល់ ទទួល​តាប្លេត​នេះ​ធ្វើឡើង នា​ព្រឹកថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០​២០ ក្រោម​អធិបតី​ភាព ឯកឧត្តម ​ឈួរ ​ច័ន្ទឌឿន​ អភិបាល​ខេត្តកំពង់ឆ្នាំង និងលោក ឌឹម ឌន ប្រធាន​មន្ទីរ​ផែន​ការ​ខេត្តកំពង់ឆ្នាំង រួមនិង​លោក លោកស្រី ជាថ្នាក់​ដឹកនាំមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផង​ដែរ ។

    លោកឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង បានអោយ​ដឹងថា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី​តាមរយៈ កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ(UNDP) នៅថ្ងៃនេះ ខេត្តកកំពង់ឆ្នាំង បានប្រគល់តាប្លេតចំនួន៧០គ្រឿង ដែលមានភ្ជាប់​ជាមួយកម្មវិធី(software) ជាស្រេច ។ ហើយ​ការ​ប្រគល់តាប្លេតទាំងនេះ គឺក្នុងគោលបំណងជួយធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ប្រកប​ដោយ​បរិយាប័ន្ន និង ប្រ​សិទ្ធិភាពជាងមុន។

    លោកប្រធានមន្ទីរផែនការខេត្ត បានអោយដឹងទៀតថា តាប្លេតដែលបានផ្តល់ជូនឃុំសង្កាត់នាពេលនេះគឺ ប្រើសម្រាប់កម្មវិធីចំនួន៣គឺ ទី១.ការ​កំណត់​អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ទី២.កម្មវិធីចុះឈ្មោះឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមាន​ផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំនិង ទី៣. ការចុះឈ្មោះកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះដែលមិនអាចគាំទ្រការងារបានទាន់ពេលវេលា។ ទិន្ន័យ​គ្រួសារ​ក្រីក្រដែលប្រមូលបានគិតត្រឹមថ្ងៃ៣០ ខែមិថុនា ឆ្នាំ​២០២០ គ្រួសារក្រីក្រនៅខេត្តកំពង់ឆ្នាំង សរុបមានចំនួន២៥ ៦៥៤គ្រួសារ ស្មើនិង ១៩,៣៥​ភាគ​រយ ។

    នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំ​ពង់ឆ្នាំង បានឲ្យដឹង​ថា នៅកម្ពុជាក៏ដូចជាសកល​លោក​ទាំង​មូល​ គឺ​បាន​រង​ផល​ប៉ះ​ពាល់​ដោយសារជំងឺកូវីដ-១៩ ជាពិសេសចំពោះ​គ្រួសា​រ​ក្រីក្រ ។ ដើម្បីជួយ​សំរួល​ដល់​ជីវភាព​រស់នៅរ​បស់​ប្រជាជន រាជ​រដ្ឋា​ភិបាល​បាន​សម្រេច​ជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌។ ប៉ុន្តែនៅមានគ្រួសារក្រីក្រខ្លះអវត្តមានពីការចុះឈ្មោះទទួលបណ្ណសមធម៌ ហើយគ្រួសារខ្លះទៀតទើបធ្លាក់ខ្លួនក្រដោយសារបាត់បង់ចំណូលបណ្តាលមកពីវិបត្តិកូវីដ-១៩ ។ ដើម្បី​ពន្លឿន​ការចុះ​ឈ្មោះ​ក្រុម​គ្រួសារ​ក្រីក្រ​ទាំងនេះនៅតាមឃុំសង្កាត់បន្ថែមទៀត ក្រសួងផែនការបានស្នើសុំ តាប្លេត ពីអង្គការយូអិនឌីភី។ ដើម្បី​ចូល​រួមចំណែកគាំទ្រតាម​រយៈការ​ផ្តល់​នូវតាប្លេត​ទាំងនេះផ្តល់ជូនឃុំសង្កាត់ សម្រាប់ពន្លឿនការងារ អោយកាន់តែបានឆាប់រហ័សថែមទៀត ។ តាមរយៈនៃការផ្តល់ តាប្លេតនេះ​អាជ្ញា​ធរ​ឃុំសង្កាត់ទាំងអស់ត្រូវតែយកចិត្តទុកដាក់ ខិតខំធ្វើឱ្យបានលឿនរហ័ស និងមានតម្លាភាពរាល់ការកំណត់​ទិន្នន័យគ្រួសារ​ក្រីក្រទាំងអស់ ជៀង​វាងកុំឱ្យមានបាតុភាពអសកម្មកើតឡើង ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានត្រូវតែមានសុភវិនិច្ឆ័យត្រឹមត្រូវ កំណត់គ្រួសារក្រីក្រ ដោយត្រូវធាថា គ្រួសារក្រីក្រត្រូវ​ទទួល​បាន​នូវគោលនយោយបាយជាតិគាំពាសង្គមដែលមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរ គឺប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធ​សន្តិ​សុខ​សង្គម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង