សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ក្រោយមានករណីនាំចូលជំងឺកូវីដ១៩ ពីប្រទេសអារ៉ាប៊ីសាអូឌីតចំនួន១៥នាក់ទៀត។
ក្នុងខ្លឹមសារនៅលើទំព័រfacebook នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។