ភ្នំពេញ៖ បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម៉ែត្រគុណ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួចមក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន។
ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ រៀបចំ ចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក៕