កំពង់ឆ្នាំង ៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្តក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយរថយន្តធំបុកជាមួយម៉ូតូ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវខ្វែងជា៥ មុខសាលាខេត្តកំពង់ឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ៩០•៩១ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ប៉ូលីសចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខព្រះស៊ីហនុ3A.00 37 បើកបរក្នុងទិសដៅពីលិចទៅកើតបានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌បាញ់ឌុក ពាក់ស្លាកលេខ កំពង់ឆ្នាំង1H.93 79 បើកបរក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅខ្វែងគ្នា ) ។
ប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះទូច ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម ។ រីឯអ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ។ សពជនរងគ្រោះត្រូូវបានគេដឹកទៅតំកល់ទុកនៅវត្តខ្សាម មធ្យោបាយបង្ករត្រូវបានប៉ូលីសយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ៕



