កំពង់ឆ្នាំង ៖ គ្រួសារចាស់ជរាក្រីក្រចំនួន ១០គ្រួសារ នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ។
លោក ឈួន ចាន់ណា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ បានអោយដឹងថា អំណោយដែលចែកជូនគ្រួសារចាស់ជរាក្រីក្រទាំង១០គ្រួសារនោះ គឺគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រី១០កំប៉ុង ឃីត ១កញ្ចប់មាន ក្រមា សារុង ភួយ និងថវិកា ២ម៉ឺនរៀល ។
ជាមួយគ្នានោះ លោក ឈួន ចាន់ណា ក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកតាលោកយាយ ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដែលសម្តេចតែងតែក្រើនរំឭកដល់អនុសាខាកាកបាទក្រហមកម្ពុជា អោយជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនឲ្យជួបបញ្ហាខ្វះខាតដាច់ស្បៀងនោះឡើយ។
ក្រៅពីការផ្តល់អំណោយ លោកប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ ក៏បានអប់រំ ផ្សព្វផ្សាយ ណែនាំអំពីវិធានការការពារ សម្អាតអនាម័យក្នុងការការពារខ្លួនពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ និងជំងឺគ្រុនឈាម ដែលកំពុងតែរីករាលដាលក្នុងពេលបច្ចុប្បន្នផងដែរ៕