ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា បងប្អូនខ្មែរទាំង៧៩នាក់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ត្រូវបានពិនិត្យសុខភាពរបស់ពួកគាត់រួចរាល់អស់ហើយ ខណៈមានមនុស្សចំនួន២៣នាក់ បានឆ្លងវីរុសកូដវី១៩។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តមដូចនោះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ ទាក់ទងនឹងផលប៉ះពាល់របស់វីរុសកូវីដ១៩ មកលើសហគមន៍ឥស្លាមនៅកម្ពុជា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ។
ឯកឧត្តម លើកឡើងថា អ្នកដែលមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានថែទាំនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពនានា ដែលពួកគេកំពុងតែសម្រាកព្យាបាលជំងឺ ក្រោមការតាមដានយ៉ាងដិតដល់ របស់ក្រសួងសុខាភិបាល។ ហើយសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា កុំមានការព្រួយបារម្ភ ឱ្យសោះចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងបងប្អូនខ្មែរទាំង៧៩នាក់នេះ ធ្វើដំណើរនៅខាងក្រៅទៅកន្លែងផ្សេងៗឱ្យសោះ។

ជាមួយគ្នានោះ ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់អ្នកស្និទស្នាលជាមួយអ្នកផ្ទុកវីរុសទាំង២៣នាក់ខាងលើ ដែលរួមមានប្រពន្ធ កូន ទាំងក្រុមគ្រួសារនៅតាមផ្ទះ និងអ្នកដែលប្រាស្រ័យទាក់ទងជាមួយចំនួនប្រមាណជិត៣០០នាក់ ត្រូវបានក្រសួងសុខាភិបាលនាំយកមកធ្វើតេស្តសុខភាព ដែលជាលទ្ធផលមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៥នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា រហូតម៉ោង ១១យប់ ថ្ងៃទី ២០ មីនា ២០២០ កម្ពុជារកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៥១ករណី ៕

