លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង បានណែនាំដល់លោក លោកស្រី ជាមន្រ្តីដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំបំពេញតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងអនុប្រធានមន្ទីរ អនុប្រធានការិយាល័យ នៃមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ការធ្វើកំណែទម្រង់មានសារៈសំខាន់ណាស់ ចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម ត្រូវបំពេញការងារឲ្យមានតម្លាភាពនិងសហការជាមួយមន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ដើម្បីអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ឆ្នាំងអោយកាន់តែមានការីកចំរើនថែមទៀត។
គួរបញ្ជាក់ថា លោកស្រី ជុំ ចន្ទីរ ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង លោក យិន គឹម សាន ជាអនុប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និង លោក នឹម តារា ជាអនុប្រធានការិយាកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង៕