បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយបាក់ជើងឆ្វេង នឹង របួសពេញខ្លួន ខណះពេលដែលជនរងគ្រោះទៅស៉ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីស្រែឱ្យគេ បណ្ដាលឱ្យជាន់មីនតោនផ្ទុះរងរបួសតែម្ដង។
ប៉ូលីសបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹកនៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង មានករណីផ្ទុះមីនដោយប្រជាពលរដ្ឋម្នាក់បានបើកត្រាក់ទ័រម៉ាកគូបូតា កំពុងតែភ្ជួរដីស្រែ ស្រាប់តែជាន់មីនតោន បណ្តាលឱ្យផ្ទុះ ធ្វើឱ្យត្រាក់ទ័រក្រឡាប់រងរបួសអ្នកបើកបរធ្ងន់ធ្ងរ។
ប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិក្រញាំមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៉ីឈ្នួលភ្ជួរដីស្រែឱ្យគេនៅចំណុចកើតហេតុខាងលើ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។